(ភ្នំពេញ)៖ ប្រតិភូក្រុមប្រឹក្សាកីឡាកងយោពលខេមរភូមិន្ទ (ខ.ភ.ម) ៤រូប ដឹកនាំដោយលោក ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ខ.ភ.ម តំណាងនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម នៅល្ងាចថ្ងៃទី១១ ខែឧសភានេះ បានចេញទៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី ដើម្បីចូលរួមមហាសន្និបាត និងសន្និបាត លើកទី៧៩ (The 79th CISM General Assembly & Congress) របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ (CISM)។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិ លោក ខូវ ឆាយ បានបញ្ជាក់ថា មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២-១៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានប្រតិភូកីឡាកងទ័ពជាសមាជិកចំនួន ១៤០ប្រទេសចូលរួម ក្នុងនោះកម្ពុជា ដែលពីមុនធ្លាប់រដ្ឋសង្កេតការណ៍ ហើយបច្ចុប្បន្នជាសមាជិកបឋម ដែលត្រូវបានអនុម័យឯកភាពពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ CISM កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ក៏នឹងត្រៀមខ្លួន ដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់ CISM ក្រោយពីការបោះឆ្នោតអនុម័តផ្ដល់សេចក្ដីទុកចិត្តពីសមាជិកអង្គមហាសន្និបាត និងសន្និបាត លើកទី៧៩ នាពេលឆាប់ៗនេះផងដែរ។

លោកថា មុនចូលរួមមហាសន្និបាតកម្រិតពិភពលោកខាងលើ កាលពីចុងខែមីនាកន្លងទៅ លោកក៏បានចូលរួមកិច្ចប្រជុំ CISM កម្រិតទ្វីបអាស៊ី នៅប្រទសចិន ហើយគ្រប់បណ្ដាប្រទេសសមាជិក សុទ្ធតែស្វាគមន៍ និងគាំទ្រកម្ពុជាពេញទំហឹង ក្នុងការចូលជាសមាជិកពេញសិទ្ធ CISM។ ហេតុនេះ លោកមានសុទិដ្ឋិនិយម សម្រាប់ការបោះឆ្នោតក្នុងមហាសន្និបាតនាពេលខាងមុខ កម្ពុជានឹងទទួលបានជោគជ័យដូចគ្នា ដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ  ក៏ដូចជាបង្ហាញនូវកិត្តិសព្ទ និងកិត្តិយសរបស់ប្រទេសកម្ពុជា ព្រមទាំងការរឹតចំណងមិត្តភាព លើឆាកអន្ដរជាតិបន្ថែមទៀត។

គួរដឹងថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ ដែលហៅកាត់ថា CISM គឺជាអង្គការកីឡាមួយ ដែលមានរដ្ឋជាសមាជិកចំនួន ១៤០ប្រទេស ក្រោយបង្កើតឡើងកាលពីឆ្នាំ១៩៤៨។ អង្គការកីឡានេះ បាននឹងកំពុងចូលរួមវិភាគទានដ៏ធំធេងចំពោះសុខដុមនីយកម្ម និងសន្ដិភាពពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិ ជូនកងកម្លាំងប្រដាប់អាវុធនៃបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព និងជាអង្គការមួយ ដែលមានប្រភេទកីឡាប្រកួតច្រើនវិញ្ញាសាជាងគេបង្អស់ក្នុងចំណោមអង្គការកីឡាអន្ដរជាតិធំៗនានាលើពិភពលោក៕