(ឡុងដ៍)៖ អ្នកចាត់ការក្លិបញញួរធំ West Ham United លោក David Moyes បានលើកឡើងថា ការចាកចេញរបស់លោកបន្ទាប់ពីចប់រដូវកាលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់រូបលោក និងក្លិបលេងនៅ Premier League ហើយលោករំពឹងថា នឹងបន្តអាជីពរបស់លោកនៅកន្លែងផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

ក្លិបមានមូលដ្ឋាននៅខាងកើតទីក្រុង London បានប្រកាសនៅថ្ងៃចន្ទថា អ្នកចាត់ការសញ្ជាតិស្កុតឡេន វ័យ ៦១ឆ្នាំ ដែលជាអតីតអ្នកចាត់ការក្លិប Manchester United និង​ Everton នឹងចាកចេញពីតួនាទី ដោយការព្រមព្រៀងគ្នាទៅវិញទៅមក នៅពេលកិច្ចសន្យារបស់លោកផុតកំណត់។

​អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Julen Lopetegui ត្រូវបានគេរំពឹងថា នឹងជំនួសតំណែងលោក Moyes។

«ខ្ញុំពិតជាមានអារម្មណ៍ល្អជាមួយស្ថានភាពពេលនេះ។ អ្វីៗគឺល្អប្រសើរ»។ នេះបើតាមសម្តីលោក Moyes បានប្រាប់អ្នកសារព័ត៌មាន។ «ខ្ញុំបានឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ខ្ញុំ អស់រយៈពេលជាយូរមកហើយ។ ដូច្នេះខ្ញុំគិតថា មានរឿងច្រើន ដែលត្រូវពិភាក្សាគ្នា ហើយខ្ញុំគិតថា វាជាការសម្រេចចិត្តត្រឹមត្រូវសម្រាប់ភាគីទាំងពីរ។ យើងនឹងចែកផ្លូវគ្នា បន្ទាប់ពីធ្វើការជាមួយគ្នា ៤ឆ្នាំកន្លះ»។

​លោក Moyes បានវិលត្រឡប់ទៅដឹកនាំក្លិប West Ham ជាលើកទី២ ក្នុងឆ្នាំ២០១៩ និងបានដឹកនាំក្លិបដណ្តើមបានពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេ គឺជាពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន ចាប់តាំងពីពួកគេដណ្តើមបានពានរង្វាន់ FA Cup ក្នុងឆ្នាំ១៩៨០។

សូមជម្រាបថា West Ham កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាង Premier League ដោយមាន ៤៩ពិន្ទុ។ ការប្រកួតចុងក្រោយរបស់ពួកគេ ក្នុងរដូវកាលនេះ គឺត្រូវប៉ះ Manchester City នៅថ្ងៃទី១៩ ខែឧសភាខាងមុខ៕