(ភ្នំពេញ)៖ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានបញ្ហាធំៗចំនួន ២ ទាក់ទងនឹងសំណងរដ្ឋប្បវេណីដែលត្រូវដោះស្រាយ។ បញ្ហាទី ១ គឺតើនរណាជាអ្នកទទួលខុសត្រូវក្នុងការសងសំណងការខូចខាត (ជនបង្ក)? និងបញ្ហាទី ២ គឺតើជនរងគ្រោះរងការខូចខាតអ្វីខ្លះ(ទំហំនៃការខូចខាត)? ដើម្បីកំណត់អំពីចំនួននៃសំណងដែលជនបង្កត្រូវសងទៅជនរងគ្រោះ។

នៅក្នុងអត្ថបទមុន យើងបានលើកយកបញ្ហាទី ១ មកបង្ហាញរួចហើយ ថាតើនរណាគឺជាអ្នកទទួលខុសត្រូវក្នុងការសងសំណងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយមានករណីណាខ្លះដែលអ្នកទទួលខុសត្រូវ អាចរួចផុតពីការទទួលខុសត្រូវបាន។

ហេតុដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី «សំណងការខូចខាត (ការខូចខាតវត្ថុ) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍» នៅក្នុងសប្តាហ៍នេះមកធ្វើការបកស្រាយចម្ងល់ ជូនសាធារណជន និងសិស្សនិសិ្សត ។

នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្ថានភាពនៃការខូចខាតរបស់ជនរងគ្រោះ អាចចែកចេញជា ៣ ស្ថានភាព គឺ ស្ថានភាពទី១ការខូចខាតទាក់ទងនឹងវត្ថុ ស្ថានភាពទី២ ការខូចខាតទាក់ទងនឹងរូបរាងកាយ និងស្ថានភាពទី៣ ការខូចខាតទាក់ទងនឹងអាយុជីវិត។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកស្ថានភាពទី១ ការខូចខាតទាក់ទងនឹងវត្ថុ យកមកបង្ហាញ។

សំណងនៃការខូចខាតទាក់ទងនឹងវត្ថុ នៅក្នុងច្បាប់បានកំណត់ថា «នៅពេលដែលវត្ថុបានបាក់បែក ដោយអំពើអនីត្យានុកូល អ្នករងគ្រោះអាចទាមទារសំណង ដូចជាតម្លៃនៃវត្ថុដែលបាក់បែក ឬសោហ៊ុយជួសជុលវត្ថុនោះ ជាអាទិ៍»។ តាមច្បាប់ យើងអាចបែងចែកការខូចខាតទាក់ទងនឹងវត្ថុជា ២ ប្រភេទធំៗ គឺ (១) ការខូចខាតដែលជាតម្លៃនៃវត្ថុ (ករណីវត្ថុដែលខូចខាតមិនអាចជួសជុលបាន) និង (២) ការខូចខាតដែលជាសោហ៊ុយជួសជុលវត្ថុ (ករណីវត្ថុដែលខូចខាតអាចជួសជុលបាន)។

ក្រៅពីការខូចខាត (១) និង (២)ខាងលើ តើជនរងគ្រោះអាចទទួលសំណងលើ (៣) ការខូចខាតសតិអារម្មណ៍ (ជម្ងឺចិត្ត) បានដែរ ឬទេ?

*(ក) ការខូចខាតវត្ថុមិនអាចជួសជុលបាន (តម្លៃនៃវត្ថុ)

ក្នុងករណីវត្ថុដែលខូចខាត មិនអាចជួសជុលបានទេ នោះជនរងគ្រោះ អាចទាមទារឱ្យជនបង្កសងនូវតម្លៃនៃវត្ថុដែលបានខូចខាតនោះតែម្តង។ ឧទាហរណ៍ នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះបានខូចទូរស័ព្ទដៃទាំងស្រុងដែលមិនអាចជួសជុលបាន ហើយទូរស័ព្ទនោះត្រូវបានវាយតម្លៃថាមានតម្លៃ ៥០០ ដុល្លារអាមេរិកនៅលើទីផ្សារ ដូចនេះជនរងគ្រោះអាចទទួលបានសំណងចំនួន ៥០០ ដុល្លារអាមេរិកដែលជាតម្លៃនៃវត្ថុនោះ។

បញ្ហាត្រង់ថា ប្រសិនបើទូរស័ព្ទរបស់ជនរងគ្រោះនោះចាស់ពេកដែលស្ទើរតែគ្មានតម្លៃ តើជនរងគ្រោះអាចទទួលបានសំណងចំនួនប៉ុន្មាន? ត្រង់ចំណុចនេះ គួរបកស្រាយថា ជនរងគ្រោះអាចទាមទារសំណងដែលមានចំនួនស្មើនឹងតម្លៃនៃទូរស័ព្ទដែលមានម៉ូដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នានៅលើទីផ្សារ ។

*(ខ) ការខូចខាតវត្ថុដែលអាចជួសជុលបាន (សោហ៊ុយជួសជុលវត្ថុ)

ច្បាប់បានកំណត់ថា «នៅពេលដែលវត្ថុបានបែកបាក់ដោយអំពើអនីត្យានុកូល អ្នករងគ្រោះ អាចទាមទារសំណង ដូចជាតម្លៃនៃវត្ថុដែលបែកបាក់ ឬសោហ៊ុយជួសជុលវត្ថុនោះ ជាអាទិ៍»។ ឧទាហរណ៍ថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ខូចខាតរថយន្ត ហើយត្រូវយករថយន្តទៅជួសជុលរយៈពេលមួយសប្តាហ៍ ហើយនៅក្នុងអំឡុងពេលជួសជុលនោះ ជនរងគ្រោះបានចំណាយសោហ៊ុយក្នុងការប្រើមធ្យោបាយផ្សេង (ដូចជារ៉ឺម៉កកង់បី ជាដើម)ដើម្បីធ្វើដំណើរជំនួសរថយន្ត។ ករណីនេះ ជនរងគ្រោះ អាចទាមទារសំណងពីជនបង្ក មិនត្រឹមតែសោហ៊ុយជួសជុលរថយន្តប៉ុណ្ណោះទេ ថែមទាំងសោហ៊ុយចំណាយលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្សេងដែលសមរម្យក្នុងអំឡុងពេលជួសជុលនោះផងដែរ ដោយសារការចំណាយទាំងនោះ នឹងមិនកើតឡើងទេ ប្រសិនបើគ្មានអំពើរបស់ជនបង្កនោះ (មាត្រា ៧៥៨)។

នៅក្នុងករណីខូចខាតវត្ថុដែលអាចជួសជុលបាន ក្រៅពីសោហ៊ុយជួសជុល យើងគួរតែទទួលស្គាល់ថា សោហ៊ុយចំណាយសមរម្យផ្សេងៗដែលពាក់ព័ន្ធក្នុងអំឡុងពេលជួសជុល និងអត្ថប្រយោជន៍ផ្សេងដែលបាត់ បង់ដោយសារការជួសជុលនោះ ក៏ជាការខូចខាតដែលជនបង្កគួរតែសងសំណងទៅជនរងគ្រោះផងដែរ។

*(គ) ការខូចខាតសតិអារម្មណ៍ (ជំងឺចិត្ត)

មានករណីមួយចំនួនគួរតែទទួលស្គាល់ការទាមទារសំណងជម្ងឺចិត្តផងដែរ (ការបកស្រាយច្បាប់)ឧទាហរណ៍ ករណីជនបង្កបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យបែកថូផ្កាដែលមានតម្លៃបំផុតសម្រាប់ជនរងគ្រោះ ដោយសារថូផ្កានោះធ្វើឡើងដោយដៃផ្ទាល់របស់ម្តាយជនរងគ្រោះដែលបានទទួលមរណភាព និងបានបន្សល់ទុកដល់ជនរងគ្រោះតែមួយគត់។ ករណីនេះ ជនរងគ្រោះ មិនត្រឹមតែខូចខាតវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជនរងគ្រោះក៏ទទួលរងការខូចខាតសតិអារម្មណ៍ផងដែរ ហេតុនេះករណីមួយចំនួន គប្បីទទួលស្គាល់ការខូចខាតសតិអារម្មណ៍ដែលកើតឡើងពីការខូចខាតវត្ថុផងដែរ ប៉ុន្តែជនរងគ្រោះត្រូវទទួលបន្ទុកបញ្ជាក់  បង្ហាញឱ្យឃើញពីស្ថានភាពពិសេសនោះ និងការខូចខាតដែលមានភាពសមមូល៕

រៀបរៀងដោយ៖ លោកបណ្ឌិត សោម រតនា ទីប្រឹក្សាច្បាប់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់