(ភ្នំពេញ)៖ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង និងជាតំណាងក្រុមបាល់ទាត់វ័យចាស់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារក្រុមបាល់ទាត់វ័យចាស់កម្ពុជា និងក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី នាំយកថវិកាចំនួន ២៥,៧៧០ដុល្លារ ដែលប្រមូលបានពីការប្រកួតមិត្តភាពអន្ដរជាតិវ័យចាស់សប្បុរសធម៌ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីចុងសប្ដាហ៍កន្លងទៅ។

ប្រធានក្រុមការងាររៀបចំកម្មវិធីខាងលើបានឲ្យដឹងថា ជំនួបមិត្តភាពអន្ដរជាតិសប្បុរសធម៌នេះមាន ២ប្រកួត នៅថ្ងៃទី១១-១២ ខែឧសភា បន្ទាប់ពីក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី បានដាក់លិខិតស្នើសុំប្រកួតមិត្តភាពទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទី១-គឺការប្រកួតរវាងក្រុមវ័យចាស់ព្រះខ័នរាជស្វាយរៀង និងក្រុមវ័យចាស់សិង្ហបុរី និងទី២-ជាការប្រកួតមិត្តភាពរវាងក្រុមវ័យចាស់ជម្រើសជាតិកម្ពុជា និងក្រុមវ័យចាស់សិង្ហបុរី។

តាមរយៈជំនួបមិត្តភាពទាំង ២ប្រកួតនេះដែរ គឺបានប្រព្រឹត្តទៅដោយរលូន ក្រោមស្មារតីមិត្តភាព សាមគ្គីភាព និងសុខភាព ពិសេសការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ រីឯការប្រមូលមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា ក៏ទទួលបានការគាំទ្រ និងចូលរួមពីវិស័យឯក និងសប្បុរសជននានា ដោយទទួលបានថវិកាសរុបចំនួន ២៥,៧៧០ដុល្លារ។ លោកថា ទោះបីថវិកានេះមិនច្រើន តែជាទឹកចិត្តមួយ ដើម្បីរួមចំណែកជួយដល់ការងារសង្គម ពិសេសជួយដល់កុមារកម្ពុជា។

ឆ្លងកាត់ការប្រកួតមិត្តភាពអន្ដរជាតិវ័យចាស់សប្បុរសធម៌លើកនេះ បានបន្សល់នូវអនុស្សាវរីយ៍ជាច្រើន ពិសេសសម្រាប់ក្រុមវ័យចាស់សិង្ហបុរី ដែលមានអ្នកខ្លះធ្លាប់មកបម្រើការងារនៅកម្ពុជា កំឡុងសម័យអ៊ុនតាក់ ឆ្នាំ១៩៩៣ ក្នុងការបង្ហាញឲ្យអន្ដរជាតិបានឃើញពីការអភិវឌ្ឍ និងសុខសន្ដិភាពនៅកម្ពុជា។ លោកថា បើមានការប្រកួតលើកក្រោយៗទៀត នឹងមានការចូលរួមកាន់តែច្រើន ពីបណ្ដាក្រុមបាល់ទាត់វ័យចាស់ប្រទេសផ្សេងៗ តាមរយៈក្រុមវ័យចាស់សិង្ហបុរីនេះ។ លោក រិទ្ធ ឌីកា បន្ថែម៕