(បរទេស)៖ គិតមកទល់ពេលនេះ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship មានអាយុកាល ៦៦ឆ្នាំមកហើយ ក្រោយបង្កើតឡើងដំបូងនាឆ្នាំ១៩៥៨ មកដោយសហព័ន្ធ UEFA។

ជាបន្តទៅទៀត Fresh News Plus សូមលើកយកប្រវត្តិសង្ខេបនៃការបង្កើតពាន Euro ដ្បិតកម្មវិធីជើងឯកអឺរ៉ុប ជំនាន់ទី១៧ ជិតនឹងចាប់ផ្តើមហើយនៅប្រទេសអាល្លឺម៉ង់ ដោយនៅសល់តែជាង ១ខែទៀតប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

យោងតាមការដកស្រង់ពីឯកសារនានា ក៏ដូចជា Wikipedia និង BBC ផងនោះបានបញ្ជាក់ថា Euro ផ្នែកបុរស ត្រូវបានលេងដំបូងក្នុងឆ្នាំ១៩៥៨ នៅក្រោយពេលសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្កើតឡើង ៤ឆ្នាំ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៤។

Euro នេះត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ធំលំដាប់ទី២ ពិភពលោក ដែលមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពី World Cup ដែលលេងរៀងរាល់ ៤ឆ្នាំម្តងដូចគ្នា។

កម្មវិធីបាល់ទាត់ដ៏រំជើបរំជួលទូទាំងទ្វីបអឺរ៉ុប និងពិភពលោកមួយនេះ បានដំណើរការជាទៀងទាត់ និងដោយរលូនទៀតផង លើកលែងតែឆ្នាំ២០២០ ដែលត្រូវបានពន្យារពេល ១ឆ្នាំ លើកមកលេងនៅឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតជាសកលនៃជំងឺតាមផ្លូវដង្ហើម កូវីដ-១៩។

សហព័ន្ធ UEFA តែងតែចំណាយពេល ២ឆ្នាំក្នុងការលេងជម្រុះក្នុងបណ្តាទាំង ៥៤ប្រទេសនៅទូទាំងអឺរ៉ុប ក្នុងការស្វែងរកកៅអីឡើងទៅលេងជុំចុងក្រោយ គ្រាដែលចាប់បង្កើតលេងពាន Euro លើកដំបូងតាំងពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៦ មានតែ ៤ក្រុមប៉ុណ្ណោះ និងមកដល់បច្ចុប្បន្ននេះបានបន្ថែមមានដល់ទៅ ២៤ក្រុមហើយ គិតចាប់តាំងពីបារាំងធ្វើម្ចាស់ផ្ទះ Euro 2016 មក។

ដោយឡែកសម្រាប់ Euro 2024 សហព័ន្ធ UEFA ក៏បានសម្រេចជ្រើសរើសប្រទេសម្ចាស់ផ្ទះតែ ១វិញ នៅពេលអាល្លឺម៉ង់ បានទទួលសិទ្ធិរៀបចំជើងឯកអឺរ៉ុប លើកទី១៧ ក្រោយយកឈ្នះគូប្រជែងតួកគី ក្នុងបោះឆ្នោតជុំផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)៕