(បរទេស)៖ ក្រុមហ៊ុន Amazon បានឱ្យដឹងថា ខ្លួននឹងវិនិយោគប្រមាណ ១.៣ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការបារាំងរបស់ខ្លួនដោយផ្តោតលើផ្នែកចំនួនពីរគឺ បញ្ញាសិប្បនិម្មិត AI និងសេវាកម្ម Cloud ខណៈការបោះទុននេះ នឹងបង្កើតការងារអចិន្ត្រៃជាង ៣,០០០ឯណោះនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រុមហ៊ុន Amazon និងក្រុមហ៊ុនផ្សេងទៀតរួមទាំង GSK និង Accenture កំពុងពិចារណា ហើយគ្រោងនឹងប្រកាសអំពីការវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «ជ្រើសរើសប្រទេសបារាំង» ប្រចាំឆ្នាំ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសបារាំង និងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេនៅអឺរ៉ុប។

ជុំវិញគម្រោងនេះ Amazon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគរបស់ក្រុមហ៊ុន Amazon Web Service (AWS) នឹងបង្កើនហេដ្ឋារចនាសម្ព័ន្ធ Cloud នៅក្នុងទីក្រុងប៉ារីស ដើម្បីគាំទ្រដល់ឱកាសបញ្ញាសិប្បនិម្មិត្ត AI ដែលកំពុងរីកចម្រើនរបស់ប្រទេសបារាំង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងដំបន់ Auvergne-Rhone-Alpes។ មិនត្រឹមតែប៉ុណ្ណោះការវិនិយោគនេះ ក៏នឹងត្រូវបានប្រើដើម្បីពង្រីកបណ្តាញភ័ស្តុភាររបស់ខ្លួន ដើម្បីបង្កើនល្បឿនចែកចាយ និងកាត់បន្ថយការបំភាយកាបូនផងដែរ។ គិតមកដល់ពេលបច្ចុប្បន្ននេះ Amazon មានកន្លែងដឹងជញ្ជូនធំៗច្រើនជាង ៣៥កន្លែងរួចទៅហើយនៅក្នុងប្រទេសបារាំង។

គួរជម្រាបថា Amazon បានវិនិយោគជាង ២០ពាន់លានអឺរ៉ូរួចមកហើយនៅក្នុងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសបារាំង ចាប់តាំងពីឆ្នាំ២០១០មក ព្រមទាំងមានបុគ្គលិកអចិន្ត្រៃយ៍ជាង ២២,០០០នាក់បម្រើការងារក្នុងសេវាកម្ម Cloud និងអាជីវកម្មលក់រាយតាមអ៊ីនធឺណិត។ លោក Frédéric Duval អ្នកគ្រប់គ្រងប្រចាំប្រទេសនៅ Amazon France បាននិយាយថា «គម្រោងវិនិយោគចុងក្រោយនេះ នឹងរាប់បន្ថែមលើការងារចំនួន ២,០០០ដែលបានប្រកាសសម្រាប់ឆ្នាំ២០២៤» ខណៈព្រឹត្តិការណ៍ «ជ្រើសរើសប្រទេសបារាំង» នេះ ទទួលបានការវិនិយោគសរុបកើនឡើងដល់ ១៦.២ពាន់លានដុល្លារ តាមរយៈការគៀងគរវិនិយោគពីប្រទេសគិតត្រឹមថ្ងៃចន្ទ បើធៀបនឹងឆ្នាំមុន៕