(ភ្នំពេញ)៖ មាសសុទ្ធ មិនខ្លាចភ្លើង ហើយក៏ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដំបូងគេនៅកម្ពុជា ដែលហ៊ានបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីចូលរួមជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការចូលរួមការពារបរិស្ថាន និងការពារការបំពុលទឹកទៅក្នុងប្រភពទឹកនានា។

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានស្វាគមន៍ និងជួបសំណេះសំណាលជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការសម្ភោធបំពាល់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ ដើម្បីពិនិត្យសំណល់រាវមុនពេលបញ្ចេញទៅបរិស្ថានវិញ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្តែងនូវក្តីសោមនស្សរីករាយជាក្រៃលែង ព្រោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេក្នុងវិស័យឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ ដែលបានចូលរួមសហការជាមួយក្រសួងបរិស្ថាន ប្រកបដោយការប្តេជ្ញាចិត្ត និងតម្លាភាពបំផុត ក្នុងការអនុវត្តវិធានការស្វ័យត្រួតពិនិត្យសំណល់រាវ។

លោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងដំណើរទស្សនកិច្ចនេះ ក៏បានមានប្រសាសន៍ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាបៀរដំបូងគេ និងជាក្រុមហ៊ុនគំរូមួយនៅប្រទេសកម្ពុជាដែលស្ម័គ្រខ្លួនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ក្នុងការពិនិត្យសំណល់រាវមុននឹងបញ្ចេញទៅកាន់ប្រភពទឹកសាធារណៈ។ នេះគឺជាការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ក្នុងការអនុត្តតាមស្តង់ដារអន្តរជាតិមួយ និងសាធារណជនទូទាំងប្រទេស តាមរយៈការបំពាក់ឧបករណ៍នេះថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាបានគោរពតាមស្តង់ដារបរិស្ថានកម្ពុជាពិតមែន។ ហើយការអនុវត្តរបស់ក្រុមហ៊ុនគឺស្របទៅនឹងយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន តបទៅតាមការចង្អុលបង្ហាញរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ និងគិតគូរពីនិរន្ត៍ភាពដ៏យូរអង្វែង ដើម្បីកសាងម៉ាកយីហោផលិតផល «Made in Cambodia» ឱ្យបរទេសបានស្គាល់កាន់តែទូលំទូលាយ ជាពិសេសព្យាយាមធ្វើយ៉ាងណាបណ្តុះធនធានខ្មែរ ឱ្យមានជំនាញច្បាស់លាស់ អាចប្រើប្រាស់គ្រឿងចក្រខ្នាតធំៗ និងចុងក្រោយ ឱ្យដូចបរទេស។

នេះកើតចេញពីស្មារតី ស្រលាញ់អ្វីដែលខ្មែរមាន អ្វីដែលខ្មែរបង្កើតឡើងដោយខ្លួនឯង ដើម្បីសាងមុខមាត់ខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ ដូចនេះសង្ឃឹមថាប្រជាជនខ្មែរនឹងគាំទ្រក្រុមហ៊ុនខ្មែរ ស្រលាញ់ផលិតផលខ្មែរដូចគ្នា៕