(បរទេស)៖ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បានប្រកាសចេញនូវផលិតផលថ្មីៗរបស់ខ្លួនមួយចំនួនរួមមាន iPad Pro និង iPad Air ស៊េរីថ្មី ប៉ុន្តែមិនមានព័ត៌មានណាមួយអំពី iPad mini 7 ជំនាន់ក្រោយនោះទេ ហើយត្រូវបានគេមើលឃើញថា ត្រកូលនេះនឹងមិនមានវត្តមានក្នុងឆ្នាំ ២០២៤ ដូចការរំពឹងទុកឡើយ ដោយវានឹងត្រូវពន្យាពេលបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា Apple មិនបានបង្ហាញវត្តមាន iPad Mini ចាប់តាំងពីឆ្នាំ២០២១ មកម្លេះ គិតទៅវាមានរយៈពេលជាង ៣ឆ្នាំហើយ ដែលអ្នកគាំទ្រឧបករណ៍ដែលមានអេក្រង់តូចជាង ៨.៣អ៊ីង នៅតែបន្តរង់ចាំ។ Gurman បានសរសេរនៅក្នុងព្រឹត្តិបត្រ Power On របស់លោកថា «iPad mini ជំនាន់ទី៧ នឹង «មិនមានវត្តមានរហូតដល់ចុងឆ្នាំ២០២៤» លោកបានបន្ថែមទៀតថា «សូម្បីតែក្នុងព្រឹត្តិការណ៍ WWDC នៅក្នុងខែមិថុនា ជាពេលវេលាប្រកាសចេញ iPhone 16 ក៏នឹងមិនមានវត្តមាន iPad mini ផងដែរ»

យ៉ាងណាមិញ ជុំវិញពេលវេលាជាក់លាក់អំពីការប្រកាសចេញ iPad mini 7 នេះដំបូងឡើយប្រភពបានចេញការរំពឹងទុកថា អាចនឹងមានវត្តមានជាថ្មីនៅចុងឆ្នាំ២០២៤ តែយ៉ាងណាមកទល់ពេលនេះ ប្រភពច្បាស់ការពីលោក Mark Gurman ហាក់មិនមានសង្ឃឹមថា នឹងចេញមកពេលណានោះទេ ដោយលោកគ្រាន់តែបង្ហើបថា «វានឹងត្រូវរង់ចាំពេលយូរបន្ថែមទៀត»