(ឡុងដ៍)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League បានវិលទៅឈរនៅកំពូលតារាងជាថ្មី ក្រោយពេលយកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ២ទល់នឹង០ នាយប់មិញក្នុងប្រកួតទី៣៧ របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ខ្សែប្រយុទ្ធពាក់លេខ៩ Erling Haaland ជាអ្នករកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់តែម្តងក្នុងកីឡដ្ឋាន Tottenham ដែលញាំងឱ្យកីឡាករអន្តរជាតិន័រវេសរូបនេះ នឹងឈ្នះស្បែកជើងមាសនៅ Premier League រដូវកាលឆ្នាំ២០២៣-២០២៤ នេះផងដែរ នៅពេលរកបាន ២៧គ្រាប់នាំមុខគូប្រជែងដាច់។

ក្នុងប្រកួត ៩០នាទីពេញនោះដែរ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺ Son Heung-min មានឱកាសរកគ្រាប់តាមស្មើ ១-១ ចុងម៉ោងផងដែរ ដ្បិតអ្នកចាំទី Stefan Ortega ដែលត្រូវបានដាក់ចូលលេងជំនួស Ederson ជួយសង្រ្គោះបាន មុនពេល Haaland សម្រេចគ្រាប់ទី២ នៅនាទី៩០+១។

តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានធ្វើឱ្យក្រុមរបស់លោក Pep Guardiola ឡើងទៅឈរនៅកំពូលតារាង Premier League វិញជាមួយនឹង ៨៨ពិន្ទុ រុញកាំភ្លើងធំ Arsenal ធ្លាក់មកលេខ២ ជាបណ្តោះអាសន្នវិញ គ្រាដែលនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ដើម្បីលេងបិទរដូវកាលនេះ។

នេះមានន័យថា ក្រុមរបស់លោក Mikel Arteta ត្រូវការឈ្នះ Everton ដាច់ខាតនៅថ្ងៃសៅរ៍ ទី១៩ ខែឧសភា ក្នុងកីឡដ្ឋាន Emirates របស់ខ្លួន ក្នុងការដណ្តើមជើងឯក PL លើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៤ គ្រាដែល Man City ក៏ត្រូវការជ័យជម្នះពី West Ham United នៅថ្ងៃបិទបញ្ចប់រដូវកាលរបស់ពួកគេដែរ ព្រោះចាញ់គ្រាប់ចំណេញ (goal difference) របស់ Arsenal ១គ្រាប់ ដើម្បីក្លាយជាជើងឯក ៤រដូវកាលជាប់ៗគ្នា៕