(ឡុងដ៍)៖ ក្រុមបាល់ទាត់ Aston Villa មានកៅអី១ ដើម្បីលេងពានរង្វាន់អឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយដោយស្វ័យប្រវត្តិ នៅពេល Tottenham Hotspur បរាជ័យក្នុងផ្ទះក្រោមថ្វីជើង Manchester City ២-០ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈលទ្ធផលចាញ់នេះដែរ បានធ្វើឱ្យ Aston Villa ដែលស្ថិតក្រោមការបង្វឹកដោយលោក Unai Emery បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ដោយមាន ៦៨ពិន្ទុ នាំមុខក្រុមលេខ៥ Spurs ដែលមានតែ ៦៣ពិន្ទុប៉ុណ្ណោះ ដ្បិតនៅសល់ ១ប្រកួតទៀត ដើម្បីលេងបិទរដូវកាលនេះដូចគ្នាក៏ដោយ។ នេះក៏ជារដូវកាលដ៏ជោគជ័យលើកទី២ ក្នុងលីគផងដែរសម្រាប់ពួកគេ គិតចាប់តាំងពីរដូវកាល ១៩៩២-១៩៩៣ ដែលអាចរកបានដល់ទៅ ៧៤ពិន្ទុ។

មួយវិញទៀត ពួកគេបានរង់ចាំអស់ ៤១ឆ្នាំ ក្នុងការមានកៅអីលេងពានអឺរ៉ុបឡើងវិញ គិតចាប់តាំងពី Aston បានឈ្នះពានធំនេះលើកដំបូងនៃរដូវកាល ១៩៨២-១៩៨៣។ ពួកគេនឹងចូលរួមជាមួយ Man City, Arsenal និង Liverpool នៅ UCL រដូវកាល ២០២៤-២០២៥។

នៅចាំបានថា Aston Villa បានតែងតាំងលោក Unai Emery ដឹកនាំនាអំឡុងខែតុលា ឆ្នាំ២០២២ នៅពេលពួកគេបាន កំពុងស្ថិតនៅចំណាត់លេខ១៤ ក្នុងតារាងនៅឡើយ និងមានតែ ៣ពិន្ទុប៉ុណ្ណោះនៅក្រៅតំបន់កាត់ចេញពីលីគទៀតផង នៅពេលក្លិបអង់គ្លេសមួយនេះ បានក្លាយក្រុមទី៦ ដែលបុរសសញ្ជាតិអេស្ប៉ាញរូបនេះដឹកនាំមានកៅអីលេងពានអឺរ៉ុប រាប់តាំងពី Valencia, Spartak Moscow, Sevilla, Paris St-Germain និង Villarreal៕