(ម៉ូនិច)៖ នៅសល់ត្រឹមតែ ១ខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឹរ៉ុប European Championship ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសហព័ន្ធ UEFA នៅប្រទេសអាល្លឺម៉ង់នោះ នឹងចាប់ផ្តើមជាផ្លូវការហើយ។

យ៉ាងណាក៏ដោយ នេះក៏ជាលើកទី២ ផងដែរដែលកម្មវិធីលំដាប់ពិភពលោកមួយនេះ បន្ទាប់ពី World Cup ត្រូវបានធ្វើនៅអាល្លឺម៉ង់ គិតចាប់តាំងពីឆ្នាំ១៩៨៨ មក ដោយកាលនោះហូឡង់ដណ្តើមបានជើងឯក ក្រោយពេលយកឈ្នះគូប្រជែងសហភាពសូវៀត ២ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។

ព្រឹត្តិការណ៍លេង ៤ឆ្នាំម្តងជំនាន់ទី១៧ នេះដែរ គឺលេងជុំចុងក្រោយមាន ២៤ក្រុម (ប្រទេស) ជាលើកទី៣ ផងដែរ គិតចាប់តាំងពី UEFA បានសម្រេចបន្ថែមក្រុមពី ១៦ដល់ ២៤ក្រុមតាំងពីបារាំងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០១៦ មក។

បន្ថែមលើនេះ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ដែលមាន ៥៤ប្រទេសជាសមាជិករបស់ខ្លួននោះ ក៏បានសម្រេចបន្ថែមសមាសភាពកីឡាករពី ២៣នាក់ កើនដល់ ២៦នាក់ជាលើកទី២ រាប់តាំងពី Euro 2020 មកដែរ។

ក្រុមប្រទេសមានលីគលំដាប់កំពូលៗទាំង៥ ក៏មានវត្តមាននៃជុំចុងក្រោយនៅ Euro 2024 លើកនេះដែររួមមាន បារាំង អង់គ្លេស អេស្ប៉ាញ ម្ចាស់ផ្ទះអាល្លឺម៉ង់ និងអ៊ីតាលីផងដែរ គ្រាដែលអាសូរីអ៊ីតាលី ជាក្រុមការពារតំណែងជើងឯក ហើយតោកំណាចអង់គ្លេស ជាជើងឯករង អមដំណើរដោយក្រុមខ្លាំងព័រទុយហ្គាល់ អតីតជើងឯក Euro 2016 និងទឹកក្រូចហូឡង់ ដែលជាជើងឯក World Cup 2010 ក៏បានមកដែរ៕