(ហែមបឺក)៖ សហព័ន្ធ UEFA មានកញ្ចប់ទឹកប្រាក់ប្រមាណ ៣៦០លានដុល្លារ ដើម្បីចែកជូនដល់បណ្តាទាំង ២៤ក្រុម (ប្រទេស) ដែលលេងនៅពានរង្វាន់ជើងឯកអឺរ៉ុប Euro លើកទី១៧ នៅប្រទេសអាល្លឺម៉ង់ ពីចំណូលសរុបដែលត្រូវគេ រំពឹងថា នឹងទទួលបាន ២.៦ពាន់លានដុល្លារផងដែរ។

បើយោងតាមគេហទំព័រ AP ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ស្ថាប័នអឺរ៉ុបខាងលើបានចេញផ្សាយថា បណ្តាក្រុមទាំងឡាយ នឹងទទួលបានកញ្ចប់ទឹកប្រាក់អតិប្បរមា ៣១លានអឺរ៉ូនៅ Euro 2024 ប្រសិនបើពួកគេអាចឈ្នះទាំង ៣ប្រកួតសន្សំពិន្ទុក្នុងពូល និងទទួលបានតិចបំផុតក៏ ១០លានដុល្លារត្រឡប់មកផ្ទះវិញផងដែរ។

ក្រៅពីនេះ UEFA ក៏បានត្រៀមកញ្ចប់ថវិកាប្រមាណ ២៦០លានអឺរ៉ូ ដើម្បីចែកជូនដល់បណ្តាក្លិបដែលបានបញ្ចេញ កីឡាករមកចូលរួមតាំងពីវគ្គជម្រុះ និងឈានដល់លេងជុំចុងក្រោយ Euro 2024 នេះផងដែរ មានចំនួនច្រើនជាងកាលពី Euro 2020 ដែលមានតែ ១៥២លានដុល្លារ ក្នុងចំណោមកីឡាករទាំង ៦២៤នាក់។

នៅចាំបានថា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការរៀបចំ Euro 2020 ដែលត្រូវពន្យារពេល ១ឆ្នាំមកលេងនៅឆ្នាំ២០២១ វិញនោះ UEFA ទទួលបានប្រាក់ចំណូលសរុបតែ ២១៧លានដុល្លារប៉ុណ្ណោះ និងបែកចែកអត្ថប្រយោជន៍ជិត ៧០០ក្លិប ដែលបានបញ្ជូនកីឡាកររបស់ពួកគេមកលេង ដ្បិតតោខៀវ Chelsea ទទួលបានច្រើនជាងគេគឺ ៥.៥លានដុល្លារ៕