(បាងកក)៖ ប្រទេសអូស្ត្រាលី និងអ៊ូសបេគីស្ថាន ត្រូវបានជ្រើសរើសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកស្ត្រី AFC Women's Asian Cup សម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៩ ដាច់ដោយឡែកពីគ្នា។ នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
គណៈកម្មាធិការប្រតិបត្តិរបស់ AFC បានអនុម័តលើសេចក្តីយល់ព្រមរបស់ AFC Women's Football Committee នៅក្នុងកិច្ចប្រជុំលើកទី៣ របស់ខ្លួន ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅល្ងាចមុន ១ថ្ងៃនៃកិច្ចប្រជុំ AFC លើកទី៣៤ របស់ខ្លួន។
«ខ្ញុំជឿជាក់ថា យើងនឹងឃើញការប្រកួតដ៏រស់រវើក និងប្រកួតប្រជែងកាន់តែល្អ ក្នុងឆ្នាំ២០២៦ នៅប្រទេសអូស្ត្រាលី និងដំណាក់កាលដ៏ល្អឥតខ្ចោះ សម្រាប់អ៊ូសបេគីស្ថាន លើសពីការរំពឹងទុកទាំងអស់ ក្នុងឆ្នាំ២០២៩»។ នេះបើយោងតាមសម្តីប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa បានលើកឡើង។
ដោយធ្លាប់បានធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA Women's World Cup កាលពីឆ្នាំមុន ជាមួយនូវែលសេឡង់ ប្រទេសអូស្ត្រាលី នឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Women's Asian Cup ជាលើកទី២ គិតចាប់តាំងពីការចូលរួម AFC ក្នុងឆ្នាំ២០០៦ ដោយធ្លាប់ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៅចុងឆ្នាំដដែលនោះ។
ដោយឡែក អ៊ូសបេគីស្ថាន នឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំ ប្រកួតប្រចាំទ្វីបជាលើកដំបូង ខណៈកន្លងមកធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី កម្រិតយុវជនជាច្រើនលើក៕