(បាសេឡូណា)៖ ព្រឹត្តិការណ៍បាល់ទាត់ក្លិបអន្តរទ្វីប សម្រាប់ស្រ្តី Women’s Club World Cup នឹងត្រូវចាប់ផ្តើមប្រកួត ដំបូងចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ក៏បានប្រកាស និងសម្រេចយកកាលបរិច្ឆេទនៅចន្លោះខែមករា និងកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមលើកដំបូងរបស់ខ្លួនផងដែរ។

កម្មវិធី Women’s Club World Cup នឹងមាន ១៦ក្រុមចូលរួម ហើយលេងរៀងរាល់ ៤ឆ្នាំម្តងដូចទៅនឹង Club World Cup ផ្នែកបុរសដែរ ដោយមិនមានផលប៉ះពាល់ដល់បណ្តាប្រកួតលីគនានានៅអឺរ៉ុបឡើយ។ FIFA Club World Cup មានអាយុកាល ២៤ឆ្នាំមកហើយ ក្រោយបង្កើតឡើងក្នុងឆ្នាំ២០០០ និងលេងជារៀងរាល់ចុងឆ្នាំ។

បច្ចុប្បន្នក្រុមស្រ្តី FC Barcelona ជាម្ចាស់ជើងឯកពានអឺរ៉ុប European Championships គ្រាដែល NY Gotham FC ជាជើងឯកលីគប្រចាំតំបន់អាមេរិកខាងជើង ហើយក្រុមស្រ្តី Corinthians របស់ប្រេស៊ីល ជាជើងឯកពាន Copa Libertadores Femenina ប្រចាំតំបន់អាមេរិកឡាទីន៕