(ភ្នំពេញ)៖ អ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះ របស់ប្រទេសកម្ពុជា គឺលោក អូលីវ៉ា គង់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ នេះ បានដឹកនាំអ្នកសិល្បៈល្បីៗជាច្រើនរូប ចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនាទីក្រុងកាន ប្រទេសបារាំង ហើយបានពាំនាំយកនូវឈុតសម្លៀកបំពាក់ខ្មែរគ្រប់ទម្រង់ គ្រប់សម័យកាល បង្ហាញទៅកាន់ឆាកអន្តរជាតិ ដែលជាមោទនភាពរបស់ប្រទេសកម្ពុជា នៅក្នុងការរំលេចឡើងអំពីប្រពៃណីវប្បធម៌ អរីយធម៌ នៅក្នុងមហោស្រពលំដាប់ពិភពលោកមួយនេះ។

មុនចាកចេញទៅកាន់ប្រទេសបារាំង នៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិ លោក អូលីវ៉ា គង់ បានថ្លែងប្រាប់ Fresh News Plus ទាំងអារម្មណ៍រំភើបរីករាយរហូតទឹកភ្នែករលីងរលោងថា រូបលោកពិតជាមិននឹកស្មានដល់ទាល់តែសោះថា ត្រូវបានទទួលកាអញ្ជើញឲ្យចូលរួម ក្នុងព្រឹត្តិការណ៍មហោស្រពពិភពលោកមួយនេះ ហើយនេះជាក្ដីស្រមៃមួយដែលលោកមិនដែលបោះបង់ចោលនោះឡើយ។ គ្រាន់តែដឹងថា រូបលោក និងអ្នកសិល្បៈរបស់កម្ពុជាជាច្រើនរូបទៀត ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមហោស្រពទីក្រុងកានភ្លាម ធ្វើឲ្យរូបលោកមិនបានដេកពួននោះទេ គឺរិះរកវិធីសាស្រ្ត គំនិតថ្មីៗ ច្នៃម៉ូដសម្លៀកបំពាក់ បង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដើម្បីបង្ហាញជូនដល់មហាជនយ៉ាងច្រើនកុះករបានទស្សនា និងអន្តរជាតិបានស្គាល់។

លោក អូលីវ៉ា គង់ បានបន្ថែមឲ្យដឹងទៀតថា លោកមានមហិច្ឆតាចង់បង្ហាញអ្វី ដែលខ្មែរមានទៅកាន់ពិភពលោក ចង់ឲ្យពិភពលោកបានស្គាល់ខ្មែរកាន់តែច្បាស់ ហើយលោក និងអ្នកសិល្បៈដែលមានទៅចូលរួម នឹងផ្សាយវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ ជាពិសេសឈុតសម្លៀកបំពាក់បង្ហាញពីអត្តសញ្ញាណខ្មែរ សម្រាប់ដើរលើកម្រាលព្រំពណ៌ក្រហម ពោលគឺលោកត្រៀមប្រមាណ ២០ឈុត ដើម្បីបង្ហាញដល់អ្នកចូលរួមទស្សនា។ ជាមួយគ្នានេះលោកក៏ឆ្លៀតអំពាវនាវ ដល់បងប្អួនប្រជាពលរដ្ឋខ្មែរ ត្រូវបើកចិត្តឲ្យទូលាយ សំឡឹងមើលឃើញអ្វីដែលថ្មីប្លែក និងភាពជឿនលឿនរបស់បណ្ដាប្រទេសនានា ហើយឱកាសដែលយើងកំពុងរស់នៅក្រោមម្លប់សន្ដិភាពនេះ គឺយើងមានឱកាសច្រើនណាស់ ដើម្បីសាងសា្នដៃសម្រាប់ប្រទេសជាតិ។

អ្នកច្នៃម៉ូដល្បីរូបនេះបន្តទៀតថា លោកពិតជាមានមោទនភាពណាស់ ដែលរូបលោកទទួលបានការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងទទួលបានការគាំទ្រ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ អរីយធម៌ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេសឱកាសបានបង្ហាញម៉ូដសម្លៀកបំពាក់ នៅក្នុងមហោស្រពទីក្រុងកានលើកទី៧៧នេះ។ លោកពិតជាសប្បាយរីករាយ និងមានកម្លាំងចិត្តពេលទទួលបានការគាំទ្របែបនេះ ហើយលោកមិនចង់បានអ្វីក្រៅពីការគាំទ្រ ការលើកទឹកចិត្ត ហើយលោកនឹងធ្វើឡើងដោយថាមពល ប្រកបដោយស្នាមញញឹម ហើយមិនធ្វើឲ្យបងប្អូនខ្មែរ ខកបំណងនោះឡើយ។

នេះជាលើកទី១ សម្រាប់លោក អូលីវ៉ា គង់ អ្នករចនាម៉ូត និងស្ថាបនិកប្រេន Kalkin ដែលបានដឹកនាំអ្នកសិល្បៈប្រមាណជិត១០នាក់ ទៅចូលរួមបង្ហាញម៉ូដសម្លៀកបំពាក់ នៅក្នុងមហោស្រពភាពយន្តនាទីក្រុងកានប្រទេសបារាំង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលកន្លងមក ក៏មានតារាល្បីរបស់កម្ពុជាចូលរួមរួចមកហើយដែរ ក្នុងនោះមានតារាសម្ដែងដ៏ល្បី គឺកញ្ញា ស៊ីន យូប៊ីន ជាដើម។ ក្នុងឆ្នាំនេះតារាសម្ដែង ស៊ីន យូប៊ីន ក៏ត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ដោយនាងបានធ្វើដំណើរទៅតាំងពីប៉ុន្មានថ្ងៃមុនរួចហើយ។

តារាបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដល្បីៗដែលបានធ្វើដំណើរទៅកាន់ប្រទេសបានរាំង នៅថ្ងៃនេះរួមមានលោក អូលីវ៉ា គង់ អ្នករចនាម៉ូត និងស្ថាបនិកប្រេន Kalkin, ម៉ាដាម ដា អ្នកជំនួញអនឡាញដ៏ល្បីក្នុងស្រុក, លោកស្រី វណ្ណឌី អគ្គនាយិកាក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្កា ជាង បាក់ វណ្ណហុង និងកញ្ញា ទៀន គីមចេង តារាម៉ូដែល និងគ្រូបង្វឹកដើរម៉ូត។

កម្មវិធីលំដាប់ពិភពលោកដ៏ធំប្រចាំឆ្នាំ មហោស្រពភាពយន្តទីក្រុងកាន គឺជាព្រឹត្តិការណ៍ប្រមូលផ្តុំដោយតារាល្បីៗជុំវិញពិភពលោក, ជាកន្លែងប្រមូលផ្តុំតារាភាពយន្តគ្រប់ជាតិសាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្ត មកពីគ្រប់ទិសទីក្នុងពិភពលោក។ កម្មវិធីនេះត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈខ្នាតធំមួយរបស់ពិភពលោក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕