(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនចិន TikTok កំពុងធ្វើតេស្តសមត្ថភាពថ្មីជាមួយនឹងការបង្ហោះវីដេអូបានរយៈពេលវែងរហូតដល់ ៦០នាទី ខណៈមុខងារនេះត្រូវបានគូសបញ្ជាក់ថា នឹងមានសម្រាប់តែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ ដែលទំនងជា Content Creator ឬអ្នកផលិតមាតិកា ហើយនៅមិនទាន់មានគម្រោងពង្រីកទៅអ្នកប្រើប្រាស់ទូទៅនៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ TikTok បានពង្រីកខ្លួនយ៉ាងខ្លាំង នឹងបានបង្កើនដែនកំណត់វីដេអូរបស់ខ្លួនក្នុងទម្រង់រយៈពេលវែងរហូតឈានដល់ ៣០នាទី និង ៦០នាទីដូចការជូនដំណឹង។

TikTok បានប្រាប់ទៅ TechCrunch ថាមូលហេតុដែលខ្លួនបង្កើនរយៈពេលនៃវីដេអូនេះ គឺដោយសារតែមាន Content Creator ជាច្រើនបានត្អូញត្អែរ អំពីរយៈពេលតិច ខណៈដែលពួកគេចង់បាននាទីច្រើនជាងនេះ ដើម្បីថតបង្ហាញមុខម្ហូប របៀបថែរក្សាសម្រស់ ផ្នែកអប់រំ និង វីដេអូកំប្លែងផ្សេងៗ និងច្រើនផ្នែកទៀត។ TikTok បានគូសបញ្ជាក់ថា គោលបំណងដ៏ធំមួយទៀតនោះគឺ ផ្តល់ឱកាសឱ្យ Creator ដើម្បីសាកល្បងជាមួយនឹងការផលិតមាតិកាថ្មីៗបានរយៈពេលវែង និងអនុញ្ញាតឱ្យមានប្រភេទមាតិកាថ្មីត្រូវបានបង្ហោះនៅលើ TikTok ដែលជាវគ្គពេញនៃកម្មវិធីទូរទ្សន៍ (TV Show) ផងដែរ។

គួរជម្រាបថា ការមកដល់របស់ TikTok បានចាប់ផ្តើមយុគសម័យនៃការផលិតវីដេអូទម្រង់បញ្ឈរ (shortform) ប៉ុន្តែសព្វថ្ងៃវេទិកានេះ កំពុងងាកទៅរកការប្រើប្រាស់ទម្រង់ផ្តេកជំនួសវិញដែលស្រដៀងទៅនឹងវីដេអូនៅលើ YouTube។ ដោយឡែកកាដើមឆ្នាំនេះ មានអ្នកផលិតមាតិកា មួយចំនួនធ្លាប់បានរាយការណ៍ថា ពួកគេបានទទួលការជូនដំណឹងថា មាតិការបស់ពួកគេនឹងទទួលបាន «Boost» ឬការជម្រុញទៅដល់អ្នកទស្សនាកាន់តែច្រើនបន្ថែមទៀត ប្រសិនបើពួកគេចែករំលែកវីដេអូទម្រង់ផ្តេក ជំនួសឱ្យទម្រង់បញ្ឈរវិញ៕