(តូរីន)៖ Juventus បានបណ្តេញលោក Massimiliano Allegri ចេញពីតំណែងគ្រូបង្វឹកជាផ្លូវការហើយ ដែលមានរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឈ្នះជើងឯកពានលំដាប់ទី២ អ៊ីតាលី Coppa Italia នារដូវកាលនេះរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ពួកគេបានយកឈ្នះគូប្រជែងក្នុងលីគ Serie A ដូចគ្នាគឺ Atalanta ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rome ក្នុងប្រកួតដែលលោក Allegri ត្រូវបានពិន័យកាតក្រហមផងដែរ ពីបទជេរប្រមាថមន្រ្តីដឹកនាំការប្រកួត ជាមួយនឹងការគ្រវីក្បាលដាក់នាយកកីឡាក្លិបសេះបង្កង់ ក្នុងអំឡុងពិធីអបអរពានទៀតផង។

ទង្វើទាំងនេះបានញាំងឱ្យសហព័ន្ធបាល់ទាត់អ៊ីតាលីបើកការស៊ើបអង្កេតទៅលើលោក Allegri ស្របពេលនៅថ្ងៃសុក្រ ម្សិលមិញនេះ Juventus ក៏បានប្រកាសពីការចែកផ្លូវជាមួយលោកដែរ។

នេះមានន័យថា បុរសវ័យ ៥៦ឆ្នាំរូបនេះ នឹងខកខានដឹកនាំ Juventus ដើម្បីលេង ២ប្រកួតចុងក្រោយបិទរដូវកាលនេះ នៅ Serie A ទល់នឹង Bologna និង Monza គ្រាដែលកៅអីរបស់លោក Allegri នឹងត្រូវជំនួសដោយលោក Thiago Motta គ្រូបង្វឹកក្លិប Bologna បច្ចុប្បន្ន៕