(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ និងជំរុញដល់គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់ ចូលរួមផ្សព្វផ្សាយ និងមានមោទកភាព ចំពោះការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដើម្បីបង្ហាញពីឧត្តមប្រយោជន៍រួមដល់ការអប់រំ និងសង្គមជាតិ។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់ផ្នែក ជាមួយប្រតិភូកីឡា មកពីតាមគ្រឹះស្ថានឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសទូទាំងប្រទេសកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនពិធីបើកការប្រកួតផ្លូវការ នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នាល្ងាចថ្ងៃអាទិត្យនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងជំនួបខាងលើ លោក វ៉ាត់ ចំរើន បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ប្រតិភូ លោកគ្រូ-អ្នកគ្រូ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលចូលរួមការប្រកួតប្រចាំឆ្នាំនេះ ចូលរួមផ្សព្វផ្សាយ ដើម្បីបញ្ចេញនូវព័ត៌មានការប្រកួតរបស់ខ្លួន តាមគេហទំព័រ ឬបណ្ដាញសង្គម ជាពិសេសសាកលវិទ្យាល័យ ឬវិទ្យាស្ថាន ទទួលបានជយលាភីល្អៗ ត្រូវបង្ហាញពីមោទកភាព ដ្បិតទាំងអស់នេះ គឺជាការបង្ហាញពីឧត្តមប្រយោជន៍នៃព្រឹត្តិការណ៍ ដែលនឹងជះឥទ្ធិពេលវិជ្ជមានដល់ការអប់រំ និងសង្គមជាតិ។

បន្ថែមលើនេះ លោកបានពន្យល់ថា ការប្រកួតកីឡា សំខាន់ត្រូវមានវិន័យ ពោលគឺត្រូវការគោរពគ្នាទៅវិញទៅមក គោរពពេលវេលា បទបញ្ជា និងការគោរពខ្លួនឯង។ ដូច្នេះដើម្បីជំរុញឲ្យដំណើរការប្រកួតបានប្រព្រឹត្តទៅដោយរលូន និងមានកិត្តិយសទាំងអស់គ្នា គឺត្រូវថែរក្សាឲ្យបាននូវវិន័យ ទាំងក្នុង និងក្រៅទីលាន។ ជាក់ស្ដែងសូម្បីការពាក់បណ្ណសម្គាល់ ដើម្បីបង្ហាញអំពីអត្តសញ្ញាណ ឬតួនាទីភារកិច្ច កំឡុងពេលប្រកួត ក៏ជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចមើលរំលងនោះដែរ។

គួរដឹងថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានចាប់ផ្ដើមផ្លូវការពីថ្ងៃទី១៨-២៧ ខែឧសភា និងមាន ១៣ប្រភេទកីឡាដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ដែលលមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីចូលរួមសរុប ១,៧៦៤នាក់ មកពី ៤៧គ្រឹះស្ថានឧត្តមសិក្សាចូលរួមប្រកួតតាមទីលាននានា ក្នុងរាជធានីភ្នំពេញ៕