(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈកម្មការរៀបចំការប្រកួត​បាល់ទាត់ពានរង្វាន់ Soccer league ជាមួយ​ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ខៀវ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ព្រមជាមួយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក​ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅផ្សារទំនើប Mega Mall Chip Mong។

លោក ខៀវ ភារិទ្ធ បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEGUE គឺជា ផ្នែកដ៏សំខាន់មួយ ស្ថិតក្នុង បេសកកម្មដ៏ចម្បងរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងលោក ស សុខា អនុប្រធាន និងទទួលបន្ទុកក្តាប់រួម Soccer League។

Soccer League មិនត្រឹមជាវេទិកាផ្តល់ឱកាស ដល់កីឡាករ គ្រប់រូប មកពីគ្រប់ស្ថាប័ន រដ្ឋ និងឯកជន ជុំវិញរាជធានី ខេត្ត ដើម្បីមានឱកាស បញ្ចេញសមត្ថភាព នៅលើទីលានវាលស្មៅពណ៌បៃតងប្រកបដោយតម្លាភាពនោះទេ តែ Soccer League ក៏ព្រឹត្តិការណ៍មួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើត ធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើននិង រឹងមាំដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយគឺ «ស្មារតី សាមគ្គីភាព»។  

លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានផ្តល់ការឧបត្ថម្ភគាំទ្រ ពានរង្វាន់ Soccer League។ ធាតុពិត ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ធ្លាប់បានចូលរួមចំណែកវិនិយោគទុក តាមរយៈការឧបត្ថម្ភគាំទ្រ នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer league បានចំនួន០២លើករួចមកហើយ គឺក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២៣ កន្លងទៅនេះ។ តាមរយៈការចូលរួមយ៉ាងសកម្មនេះ បានញាំងឲ្យ ព្រឹត្តិការណ៍ Soccer League ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យហួសពីការរំពឹងទុក។

ទន្ទឹមនឹងនេះ កាន់តែមានភាពកក់ក្តៅមួយកម្រិតទៀត គឺក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានសម្រេចចិត្តបន្តផ្តល់ការឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League ដែលមានរយៈពេល៥ឆ្នាំ (២០២៤-២០២៦) ដែលនេះជាសក្ខីភាព បង្ហាញអំពីគោលជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។

លោក ខៀវ ភារិទ្ធ ជំនួសមុខលោក ហ៊ុន ម៉ានី និងលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានចូលរួមជាភាគហ៊ុនដ៏ធំក្នុងការគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League៕