(រីយ៉ាដ)៖ Oleksandr Usyk កីឡាករប្រដាល់សកលសញ្ជាតិអ៊ុយក្រែន បានក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC បន្ទាប់ពីផ្តួលជើងខ្លាំងអង់គ្លេស Tyson Fury ដោយពិន្ទុមិនឯកច្ឆន្ទរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នារាត្រីថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានដល់ទៅ ១២ទឹកផងនោះ ម្ចាស់ខ្សែក្រវាត់ Fury នៅតែបន្តធ្វើបានល្អ ជាមួយនឹងក្តីសង្ឃឹមថា នឹងទទួលបានជ័យជម្នះបន្តទៀតដែរ ក្នុងការប្រកបអាជីពប្រដាល់វាយ ១៦ឆ្នាំមកនេះ មិនដែលចាញ់ទាល់តែសោះ។

យ៉ាងណាក៏ដោយ ការទន្ទឹងរង់ចាំប្រកាសពិន្ទុយ៉ាងយូរពីសំណាក់អាជ្ញាកណ្តាលក៏បានមកដល់ ដោយជ័យជម្នះបានទៅលើកីឡាករវ័យ ៣៧ឆ្នាំ Usyk ដោយពិន្ទុមិនឯកច្ឆន្ទ ពោលគឺចៅក្រម ២រូប កាត់ឱ្យកីឡាករអ៊ុយក្រែនឈ្នះ ១១៥-១១២ និង ១១៤-១១៣ និងចៅក្រមទី៣ វិញដាក់ពិន្ទុឱ្យ Fury ឈ្នះដោយពិន្ទុ ១១៤-១១៣។

តាមរយៈលទ្ធផលនេះផងដែរ បានធ្វើឱ្យ Usyk ស្រក់ទឹកភ្នែក និងបានក្លាយជាម្ចាស់ខ្សែក្រវាត់ដល់ទៅ៤ នាពេលនេះ ដោយដណ្តើមបានខ្សែក្រវាត់ WBC ពី Fury បន្ថែមលើខ្សែក្រវាត់ WBA, WBO និង IBF របស់ខ្លួន ក្នុងប្រវត្តិសាស្រ្តប្រដាល់ទម្ងន់ធ្ងន់នេះដែរ និងបានក្លាយជាការបរាជ័យលើកដំបូងសម្រាប់កីឡាករវ័យ ៣៥ឆ្នាំ Tyson Fury ដែលកំពុងស្វែងរកឱកាស ដើម្បីសងសឹកវិញនាចុងឆ្នាំនេះដែរ៕