(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ចេញកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួន ដំណើរការជាមួយនឹងបន្ទះឈីបកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីដំណើរការមុខងារបញ្ញាសិប្បនិមិត្ត AI ខណៈបន្ទះឈីបនៃកុំព្យូទ័រស៊េរីថ្មីនេះទៀតសោត គឺរបស់ក្រុមហ៊ុន Qualcomm។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រថ្មីនេះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយបង្ហាញ កុំព្យូទ័រ Surface និងកុំព្យូទ័រ Surface Pro ជាមួយនឹងបន្ទះឈីប AI ពីក្រុមហ៊ុន Qualcomm ដែលមានសមត្ថភាពដំណើរការការងារ AI មួយចំនួន ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។ គេបានដឹងថា ក្រៅពី Microsoft គឺមានក្រុមហ៊ុនផលិតកុំព្យូទ័រផ្សេងទៀតដូចជា Lenovo, Dell, HP, Asus, Acer និង Samsung ក៏កំពុងដាក់ដំណើរការកុំព្យូទ័រ ដំណើរការជាមួយ AI ផងដែរ ដោយប្រើប្រព័ន្ធដំណើរការរបស់ Snapdragon X Elite និង X Plus របស់ក្រុមហ៊ុន Qualcomm ដែលសន្យាថានឹងប្រើប្រាស់ថ្មបានយូរ ហើយនឹងដំណើរការ Copilot AI chatbot របស់ Microsoft ។

Copilot+ PCs នឹងចាប់ផ្តើមតម្លៃ ពី៩៩៩ដុល្លារនៅអាមេរិក ខណៈ ក្រុមហ៊ុន Microsoft បើកទទួលការបញ្ជាទិញជាមុន (Pre-Order) ពីថ្ងៃចន្ទតទៅ ហើយនឹងដល់ដៃអ្នកប្រើប្រាស់នៅក្នុងខែមិថុនា។

គួរជម្រាបថា ក្រោយការប្រកាសបង្ហាញនេះ ភាគហ៊ុនរបស់ Microsoft បានកើនឡើង ១.២% កាលពីរសៀលថ្ងៃចន្ទកន្លងទៅនេះ ដល់តម្លៃ ៤២៥.៣៤ដុល្លារ ក្នុងមួយហ៊ុន ខណៈ Qualcomm បានកើនឡើង ២% ដល់ ១៩៧.៧៦ ក្នុងមួយហ៊ុន៕