(ដាប់លីន)៖ ក្រុមមកលីគកំពូល Serie A របស់អ៊ីតាលី Atalanta បានគ្រងតំណែងជើងឯកពានកម្រិតទី២ អឺរ៉ុប UEFA Europa League រដូវកាល ២០២៣-២០២៤ ក្រោយបំបាក់គូប្រជែង Bayer Leverkusen ៣ទល់នឹង០ ផ្តាច់ព្រ័ត្រនាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះមានន័យថា ពួកគេបានបញ្ចប់កំណត់ត្រាលេងមិនចាញ់ត្រឹមប្រកួតទី៥២ មានរយៈពេល ៣៦១ថ្ងៃរបស់ក្រុមលេងនៅ Bundesliga របស់អាល្លឺម៉ង់ ស្ថិតក្រោមការបង្វឹកក្នុងរដូវកាលដំបូងរបស់លោក Xabi Alonso ទៀតផង ក្នុងនាមធ្លាប់លេងឱ្យក្លិបខ្លារខិន Bayern Munich កាលនៅជាកីឡាករ។

ខ្សែប្រយុទ្ធ Ademola Lookman ជាអ្នកធ្វើបានហែតទ្រីក នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Dublin ប្រទេសអៀរឡង់ និងបានក្លាយជាកីឡាករទី៦ ដែលធ្វើបាន ៣គ្រាប់បែបនេះនៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ស្របពេល Atalanta ដែលកំពុងឈរនៅលេខ៦ ក្នុងលីគ ក៏ទទួបបានកៅអី១ ដើម្បីលេងពានអឺរ៉ុប UEFA Champions League វគ្គចែកពូលនារដូវកាលក្រោយរួចរាល់ផងដែរ។

គួរបញ្ជាក់ផងថា ក្នុងប្រវត្តិសាស្រ្តក្លិប ១១៦ឆ្នាំ Atalanta ទើបតែបានឈ្នះពាន២ តែប៉ុណ្ណោះ គិតចាប់តាំងពីពាន Coppa Italia នាឆ្នាំ១៩៦៣ មក និងកាលពីសប្តាហ៍មុន ពួកគេទើបតែបានចាញ់ផ្តាច់ព្រ័ត្រពានលំដាប់ទី២ អ៊ីតាលីនេះដែរ ក្រោមថ្វីជើងរបស់ Juventus៕