(ឡុងដ៏)៖ ក្លិបបិសាចក្រហម Manchester United កំពុងតែមានការប្រជែងគ្នាជាមួយក្លិប Newcastle United ក្នុងឈានទៅដល់ការចុះហេត្ថលេខាលើកីឡាករខ្សែការពារកណ្តាល Tosin Adarabioyo របស់ក្លិប Fulham, នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

Tosin Adarabioyo មានវ័យ ២៦ឆ្នាំ និងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរចាប់ពីថ្ងៃទី៣០ ខែមិថុនាខាងមុខ ដែលរូបគេបានជ្រើសមិនបន្តកិច្ចសន្យាថ្មីជាមួយក្លិប Fulham ទៀតនោះទេ ខណៈលោក Eddie Howe ត្រូវបានគេដឹកថា មានការចាប់អារម្មណ៍ខ្លាំងចំពោះអតីតយុវជនរបស់ Man City រូបនេះផងដែរ។

ការចាប់អារម្មណ៍ពីក្លិប Man United លើកីឡាករដែលមិនមានតម្លៃផ្ទេរនេះ ក៏ព្រោះក្លិបកំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏តឹងតែងនៅរដូវក្តៅនេះ ខណៈដែលពួកគេព្យាយាមអនុវត្តទៅតាមច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។

ជាមួយគ្នានេះ ក្លិប Tottenham Hotspurs នឹងក្លិប Liverpool ជាមួយក្រុមអ៊ីតាលី AC Milan ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថាសុទ្ធតែមានការចាប់អារម្មណ៍លើអតីតយុវជនជម្រើសជាតិអង់គ្លេសរូបនេះផងដែរ៕