(ប៉ាសេឡូណា)៖ ខ្សែប្រយុទ្ធ FC Barcelona កីឡាករ Robert Lewandowski បានអះអាងថា លោកនឹងបន្តលេងនៅក្លិបស្ថិតក្នុងលីគ La Liga នារដូវកាលក្រោយ ហើយថាលោករំពឹងថា នឹងរួមចំណែកដើម្បីសម្រេចបាននូវមហិច្ឆតារបស់ក្លិប ក្នុងការដណ្តើមបានពានរង្វាន់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

Lewandowski បានចូលរួមជាមួយក្លិប Barca ផ្លាស់មកពីក្លិប Bayern Munich ក្នុងឆ្នាំ២០២២ ក្នុងតម្លៃផ្ទេរប្រមាណ ៤៦.៥៤លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលនឹងផុតកំណត់ នៅខែមិថុនា ឆ្នាំ២០២៦។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានបញ្ចប់រដូវកាលដំបូងរបស់លោកជាមួយក្លិប ដោយជាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគ ជាមួយនឹងគ្រាប់បាល់២៣គ្រាប់។

ភាពមិនប្រាកដប្រជា អំពីអនាគតរបស់កីឡាករ Lewandowski នៅក្លិប Barcelona បានកើនឡើង ចាប់តាំងពីអ្នកចាត់ការ Xavi ដំបូងឡើយ បានប្រកាសពីការចាកចេញរបស់លោក កាលពីខែមករា ប៉ុន្តែបានប្រកាសត្រឡប់ដឹកនាំវិញ កាលពីខែមេសា។

សូមជម្រាបថា ក្លិប Barcelona កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគ La Liga។ ពួកគេនឹងជួបក្លិប Sevilla ក្នុងការប្រកួតលើកចុងក្រោយ នៃរដូវកាលនេះ នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕