(ឡុងដ៍)៖ ក្លិបញញួរធំ West Ham United បានតែងតាំងអតីតអ្នកចាត់ការជម្រើសជាតិអេស្ប៉ាញ និងក្លិប Real Madrid លោក Julen Lopetegui ជាគ្រូបង្គោលថ្មីរបស់ពួកគេ ជំនួសលោក David Moyes។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក Lopetegui ដែលពីមុនធ្លាប់ដឹកនាំក្លិប Wolverhampton Wanderers ក្នុងលីគ Premier League ដែរនោះ នឹងទទួលបន្ទុកដឹកនាំ West Ham នៅថ្ងៃទី០១ ខែកក្កដាខាងមុខ បន្ទាប់ពីលោក Moyes ចាកចេញពីក្លិបមានមូលដ្ឋាននៅភាគខាងកើតទីក្រុង London ក្នុងខែនេះ ដោយការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់។

លោក Lopetegui បានចុះកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ជាមួយ West Ham ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ដោយរកបាន ៥២ពិន្ទុ និងបានខកខានការប្រកួតក្នុងព្រឹត្តិការណ៍ European នៅរដូវកាលក្រោយ។

​បុរសវ័យ ៥៧ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ២០១៦ បន្ទាប់ពីការចូលនិវត្តន៍របស់លោក Vicente del Bosque ប៉ុន្តែត្រូវបានបណ្តេញចេញ២ថ្ងៃ មុនព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ បន្ទាប់ពីបានយល់ព្រមធ្វើជាអ្នកចាត់ការក្លិប Real Madrid ក្រោយចប់ព្រឹត្តិការណ៍ World Cup៕