(រ៉ូម)៖ លោក Thiago Motta អ្នកចាត់ការក្លិប Bologna បានជ្រើសរើសមិនធ្វើកិច្ចសន្យាថ្មីរបស់លោកនោះទេ ដោយអតីតកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ គ្រោងនឹងផ្លាស់ទៅដឹកនាំក្លិប Juventus។ នេះបើយោងតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអ៊ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក Motta វ័យ ៤១ឆ្នាំ បានដឹកនាំក្លិប Bologna ឱ្យទទួលបានកៅអី សម្រាប់ការប្រកួតលីគ Champions League ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្នុងរដូវកាលទី២ របស់លោក នៅក្លិបនេះ ហើយការដឹកនាំលទ្ធផលល្អនេះហើយ បានធ្វើឱ្យរូបលោក ស្ថិតក្នុងរ៉ាដារបស់បណ្តាក្លិបកំពូលៗនៅតំបន់អឺរ៉ុប។

«ព្រឹកនេះ លោក Thiago Motta បានប្រាប់ក្លិបពីបំណងរបស់លោក ក្នុងការមិនធ្វើកិច្ចសន្យាថ្មីរបស់លោក ជាមួយក្លិប Bologna FC 1909»។ Bologna បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក Motta ត្រូវបានគេរំពឹងថា នឹងផ្លាស់ទៅក្លិប Juventus ដើម្បីជំនួសតំណែងលោក Massimiliano Allegri ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីសប្តាហ៍មុន៕