(បរទេស)៖ យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវ Counterpoint បានបង្ហាញថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ចិន SMIC បានជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទីឈីបធំៗលើពិភពលោក ខណៈចំណាត់ថ្នាក់នេះ គឹផ្អែកតាមលទ្ធផលនៃប្រាក់ចំណូលប្រចាំត្រីមាសទី១នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ស្របទៅនឹងសម័យកាលប្រកួតប្រជែងកាន់តែខ្លាំងផ្នែកបច្ចេកវិទ្យា ពេលនេះ ក្រុហ៊ុន SMIC ដែលគាំទ្រដោយរដ្ឋ ឬមានឈ្មោះពេញថា «Semiconductor Manufacturing International Co.» បានកាន់កាប់ចំណែកទីផ្សារ ៦% ក្នុងត្រីមាសទីមួយ ដែលកើនឡើងពី ៥% កាលពីឆ្នាំមុន ដោយបានវ៉ាដាច់ ក្រុមហ៊ុន GlobalFoundries និងសាជីវកម្ម United Microelectronics របស់តៃវ៉ាន់។

ចំណាត់ថ្នាក់របស់ SMIC នៅពេលនេះ គឺតាមពីក្រោយ ក្រុមហ៊ុនតៃវ៉ាន់ TSMC ឈរនៅលេខរៀងទី១ ជាមួយចំណែកទីផ្សារ៦២% និង Samsung Foundry របស់កូរ៉េខាងត្បូង ឈរនៅលេខរៀងទី២ ជាមួយចំណែកទីផ្សារ១៣% នៅក្នុងត្រីមាសទី១នេះ។ ក្រោយឈរនៅលេខរៀងទី៣ហើយ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនមួយនេះ រំពឹងថា នៅក្នុងត្រីមាសទីពីរ ប្រាក់ចំណូលនឹងកើនឡើងពី ៥% ទៅ ៧% ធៀបនឹងត្រីមាសទី១ ដោយសារតម្រូវការបន្ទះឈីបកើនឡើងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា SMIC នៅតែមានកំណើរយឺតយ៉ាវបើប្រៀបធៀបនឹង TSMC និង Samsung Electronics ត្បិតក្រុមហ៊ុនទាំងពីរនេះបានវ៉ាដាច់ខ្លាំងទៅហើយ ។ TSMC និង Samsung បានចាប់ផ្តើមផលិតបន្ទះឈីប 7-nanometer យ៉ាងច្រើននៅក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្នផលិតបន្ទះឈីប 3-nanometer — ពោលគឺទំហំណាណូម៉ែត្រកាន់តែតូច បន្ទះឈីបកាន់តែទំនើប និងមានប្រសិទ្ធភាព៕