(ភ្នំពេញ)៖ ក្រុមបាល់ទាត់ តារាកម្ពុជា ត្រៀមនឹងបញ្ចេញសមត្ថភាពថ្មីមួយទៀត នៅក្នុងព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរសធម៌»។ កម្មវធីនឹងរៀបចំឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់វិទ្យាល័យពញ្ញាក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ខេម និងក្រុមបាល់ទាត់ តារាកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាតនិង សប្បុរសធម៌»

លោក ខេម ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា បាននិយាយថា អ្នកត្បូងឃ្មុំ ចាំទទួលពួកយើងផង ថ្ងៃទី០៥.០៦.២០២៤ ប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរសធម៌ប្រទេសស្អាតបរិស្ថានស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា»

ក្រុមបាល់ទាត់ តារាកម្ពុជា កាន់តែល្បីឈ្មោះបន្ទាប់ពីប្រកួតបាល់ទាត់សប្បុរសធម៌ ដែលរកថវិកាបានរាប់លានដុល្លារ កាលពីដើមខែឧសភាកន្លងមកនេះ។

លោក ខេម បានអំពាវនាវឱ្យបងប្អូនប្រជាជន នៅក្នុងខេត្តត្បូងឃ្មុំ ចូលរួមគាំទ្រការប្រកួតនោះឱ្យបានច្រើន ពីព្រោះការប្រកួតនោះពុំមានការលក់សំបុត្រនោះទេ គឺទស្សនិកជនអាចចូលរួមទស្សនាដោយសេរី នៅទីលានបាល់ទាត់វិទ្យាល័យ ពញ្ញាក្រែក។

សម្រាប់ការប្រកួតនេះ លោក ខេម ក៏ពុំទាន់ដឹងច្បាស់ថា អាចនឹងរកថវិកាបានកម្រិតណាដែរ តែលោកសង្ឃឹមថា នឹងមានការចូលរួមជួយច្រើនពីសប្បុរសជននានា ដើម្បីការងារសប្បុរសធម៌៕