(រ៉ូម)៖ លោក Claudio Ranieri ដែលល្បីឈ្មោះបន្ទាប់ពីដឹកនាំក្លិប Leicester City ដណ្តើមបានពានរង្វាន់ Premier League ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងឆ្នាំ២០១៦ នោះ បានប្រកាសពីការចូលនិវត្តន៍របស់លោក ពីវិស័យបាល់ទាត់ ក្នុងវ័យ ៧២ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ការប្រកួតលើកចុងក្រោយរបស់បុរសសញ្ជាតិអ៊ីតាលីនេះ គឺក្នុងនាមជាអ្នកចាត់ការក្លិប Cagliari ដែលបានចាញ់គូប្រជែង Fiorentina ៣-២​ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

លោក Ranieri ដែលធ្លាប់បានដឹកនាំក្លិប លេងក្នុងលីគ Serie A ជាច្រើននោះ រួមមាន Juventus, AS Roma និងក្លិប Inter Milan ត្រូវបានគេស្គាល់ថា ជាអ្នកចាត់ការល្អបំផុត ដែលបានដឹកនាំ Leicester ដណ្តើមបានពានរង្វាន់ជើងឯក Premier League ក្នុងឆ្នាំ២០១៦។

លោក ក៏ធ្លាប់បានដឹកនាំក្លិប Chelsea, Fulham និងក្លិប Watford ក្នុងលីគ Premier League ព្រមទាំងក្លិប Valencia និងក្លិប Atletico Madrid ក្នុងលីគ La Liga របស់អេស្ប៉ាញផងដែរ៕