(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Google ត្រូវបានរាយការណ៍មកថា កំពុងវិនិយោគជាទឹកប្រាក់ជិត ៣៥០លានដុល្លារនៅក្នុងក្រុមហ៊ុន e-commerce យក្សរបស់ឥណ្ឌា Flipkart ខណៈក្រុមហ៊ុននេះមានឈ្មោះល្បីល្បាញ និងមានគេស្គាល់កាន់តែច្រើន ចាប់តាំងពី Walmart ទិញយក ដោយកាន់កាប់ភាគហ៊ុនប្រមាណ៧០-៨០% កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Techcrunch នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុន Google បានឲ្យដឹងថា ខ្លួននឹងផ្តល់ឱ្យ Flipkart ជាមួយនឹងសេវាកម្ម Cloud ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ការវិនិយោគរបស់ Google គឺជាផ្នែកមួយនៃមូលនិធិជិត ១ពាន់លានដុល្លារ ដែល Flipkart បានចាប់ផ្តើមនៅឆ្នាំ២០២៣ ។ ក្រុមហ៊ុន Walmart ដែលជាអ្នកមើលការខុសត្រូវ និងគ្របគ្រង់ Flipkart នោះ បានដឹកនាំជុំនៃគម្រោងវិនិយោគនេះផងដែរ។

គួរជម្រាបថា Flipkart ដែលមានតម្លៃ ៣៦ពាន់លានដុល្លារក្នុងការវិនិយោគថ្មីនេះ បាននាំមុខលើក្រុមហ៊ុនផ្សេងៗទៀតលើទីផ្សារ e-commerce នៅក្នុងប្រទេសឥណ្ឌា ដែលជាកន្លែង បម្រើសេវាកម្មដល់អ្នកប្រើប្រាស់រាប់រយលាននាក់នៅក្នុងទីក្រុងធំ និងទីក្រុងតូចៗ។ យោងតាមប្រភព បានឲ្យដឹងថា ទីផ្សារ e-commerce របស់ឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថានឹងមានតម្លៃ ១៣៣ពាន់លានដុល្លារនៅឆ្នាំក្រោយ៕