(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសី នៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិ ស្របពេលលោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញមោទនភាព ចំពោះកំណើនទ្វេដង នៃគ្រឹះស្ថានអប់រំ និងកីឡាករ-កីឡាការិនី ដែលបានចូលរួមប្រកួតឆ្នាំនេះ។

លោកបន្ដថា នេះជាលើកទី២ ដែលកីឡាវាយសី ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាឧត្តមសិក្សា ដ្បិតឆ្នាំដំបូង មានគ្រឹះស្ថានអប់រំចូលរួមចំនួន ៦ ប៉ុណ្ណោះ តែឆ្នាំនេះ កើនទ្វេដង ដោយមានគ្រឹះស្ថានឧត្តមសិក្សារហូតដល់ ១២ បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១០៣នាក់ ដែលធ្វើថ្នាក់ដឹកនាំសហព័ន្ធ មានការសប្បាយរីករាយជាខ្លាំង ចំពោះកំណើតនេះ ដែលសបញ្ជាក់ឲ្យឃើញនូវភាពរីកចម្រើននៃវិស័យកីឡាវាយសីកម្ពុជា។

ក្រៅពីកំណើនគ្រឹះស្ថាន ក៏ដូចជាកីឡាករ-កីឡាការិនីចូលរួមប្រកួត លោកសង្កេតឃើញកម្រិតបច្ចេកទេសរបស់និស្សិតម្នាក់ ក៏មានភាពរីកចម្រើនជាងមុនដែរ ទោះបីមានអ្នកខ្លះទើបហ្វឹកហាត់ និងលេងកីឡាវាយ តែក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ពួកគេបានខិតខំបញ្ចេញអស់ពីសមត្ថភាព ស្របតាមបច្ចេកទេស និងបទបញ្ជាការប្រកួត ដែលជំរុញឲ្យការប្រកួតបានបញ្ចប់ទៅដោយរលូន និងជោគជ័យ ។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតលើកក្រោយ នឹងមានអ្នកចូលរួមកាន់តែច្រើន និងមានអ្នកពូកែកាន់តែច្រើនផងដែរ។

ទន្ទឹមជាមួយគ្នា លោក កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំទាំងអស់ ដែលខិតខំជំរុញការអភិវឌ្ឍកីឡាវាយសី និងបញ្ជូនអត្តពលិកខ្លួនចូលរួមប្រកួត ដើម្បីសម្រួចគុណផលកាន់តែល្អប្រសើរ ។ ទោះបីឈ្នះ ឬចាញ់ក្ដី លោកបានជំរុញ និងលើកទឹកចិត្តពួកគេឲ្យខិតខំហ្វឹកហាត់ ដើម្បីមានលទ្ធភាពចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបន្ដទៀត ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជាតែម្ដង។

ចំពោះលទ្ធផលបច្ចេកទេស លើប្រភេទកីឡាវាយសី នៃកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំនេះ ក្រុមកីឡាវាយសីសាកលវិទ្យាល័យវេស្ទើន ដណ្ដើមបានមេដាយច្រើនជាងគេ ដោយក្នុងចំណោម ៥វិញ្ញាសា ពួកគេដណ្ដើមបានមេដាយមាស ៤ និងប្រាក់ ៣ សរុប ៧គ្រឿង គ្រាដែលវិទ្យាស្ថានខេមអេដ ឈរលេខ២ ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ សរុប ៣គ្រឿង៕