(ម៉ូនិច)៖ ក្លិបបាល់ទាត់ Bayern Munich បានព្រមព្រៀងក្នុងការតែងតាំងលោក Vincent Kompany ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យាមានសុពលភាពដល់ឆ្នាំ២០២៧ ជំនួសតំណែងលោក Thomas Tuchel ដែលបានចាកចេញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជាមួយគ្នានោះដែរ ក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ ក៏បានបង់សំណងជាទឹកប្រមាណ ១០.២លានអឺរ៉ូ ដើម្បីផ្តាច់កិច្ចសន្យាដែលនៅសល់ជាមួយនឹងក្លិបអង់គ្លេស Burnley ទៀតផង។

នៅចាំបានថា កាលនៅជាកីឡាករ Kompany ក៏ធ្លាប់លេងក្នុងលីគ Bundesliga ២រដូវកាលផងដែរ ជាមួយក្លិប Hamburg មុនផ្លាស់ចេញមកចូលរួមជាមួយ Manchester City ដែលលេងក្នុងលីគកំពូល Premier League។

យ៉ាងណាមិញ Bayern Munich នឹងក្លាយជាក្លិបទី៣ របស់បុរសវ័យ ៣៨ឆ្នាំ សញ្ជាតិប៊ែលហ្សិកដឹកនាំ បន្ទាប់ពីដឹកនាំក្លិបដំបូងគឺ Anderlecht មុនពេលជួយ Burnley ឡើងមកលេងនៅ Premier League បាន ១រដូវកាល និងធ្លាក់ទៅវិញនារដូវកាលនេះ៕