(ឡុងដ៍)៖ ក្រុមលេងនៅក្របខណ្ឌទី២ អង់គ្លេស Championship គឺ Plymouth Argyle បានសម្រេចតែងតាំងលោក Wayne Rooney ជាគ្រូបង្គោលថ្មីរបស់ពួកគេជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ ដើម្បីជំនួសតំណែងលោក Ian Foster ដែលត្រូវបានដកតួនាទីកាលពីថ្ងៃទី០១ ខែមករាមក ក្រោយដឹកនាំមិនបានល្អ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Plymouth គឺជាក្លិបទី៣ របស់បុរសវ័យ ៣៨ឆ្នាំដឹកនាំ បន្ទាប់ពី DC United របស់អាមេរិក និង Birmingham City លេងនៅ Championship នេះដែរ។

នៅចាំបានថា Rooney ក៏បានដឹកនាំ Birmingham បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ទល់នឹងម្ចាស់ផ្ទះ Plymouth នៅមុនថ្ងៃ Christmas ផងដែរ។

នេះគឺជាតួនាទីដំបូងរបស់អតីតប្រធានក្រុមតោកំណាចអង់គ្លេស Rooney គិតចាប់តាំងពី Birmingham បណ្តេញចេញពីតំណែងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោយពេលក្លិបជួបលទ្ធផលដ៏ខកចិត្ត តាមរយៈលេងចាញ់ដល់ទៅ ៩ប្រកួត ក្នុងចំណោម ១៥ប្រកួតសរុបនៃរយៈពេលមិនដល់ ៣ខែស្រួលបួលផងនោះ៕