(មីឡាន)៖ ប្រធានក្រុមក្លិប Inter Milan និងជាអ្នករកគ្រាប់បាល់នាំមុខគេ ក្នុងរដូវកាល២០២៣-២០២៤ របស់លីគ Serie A កីឡាករ Lautaro Martinez ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលដោយលីគកំពូលអ៊ីតាលី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ រកបាន ២៤គ្រាប់ ក្នុងយុទ្ធនាការដណ្តើមបានពានរង្វាន់លីគរបស់ Inter ក្នុងរដូវកាលនេះ និងមាន ៨គ្រាប់ច្រើនជាងកីឡាករ Dusan Vlahovic របស់ក្លិប Juventus ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងបញ្ជី។

ជាមួយគ្នានោះ កីឡាករ Vlahovic បានជាប់ជាខ្សែប្រយុទ្ធល្អជាងគេបំផុតក្នុងលីគ ស្របពេល Michele Di Gregorio របស់ក្លិប Monza ជាប់ជាអ្នកចាំទីល្អបំផុត។

ដោយឡែកមិត្តរួមក្រុមរបស់ Martinez គឺកីឡាករ Alessandro Bastoni និង Hakan Calhanoglu បានជាប់ជាខ្សែការពារ និងខ្សែបម្រើល្អប្រចាំរដូវកាលនេះដែរ៕