(សៀមរាប)៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានជំរុញដល់ប្រជាពលរដ្ឋលេងកីឡាឲ្យបានច្រើន ដើម្បីឲ្យសុខភាពរឹងមាំ និងកាត់បន្ថយការប្រើពេលវេលាឥតប្រយោជន៍ និងជៀសឆ្ងាយពីគ្រឿងញៀន ល្បែង និងអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ។

លោក សុខ ថុល ជំរុញយ៉ាងដូច្នេះក្នុងពិធីបិទការប្រកួតវាយសីលក្ខណៈមិត្តភាព និងមនុស្សធម៌របស់សមាគមន៍កីឡាករវាយសីខេត្តសៀមរាប នៅក្លឹបកីឡាវាយសីខេត្តសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

គណៈកម្មការនៃការប្រកួតវាយសី បានឲ្យដឹងថា ការប្រកួតលក្ខណៈមិត្តភាពនិងមនុស្សធម៌ បានធ្វើការចែកជាពូល A+A និងB+B ដែលមានកីឡាករកីឡាការិនីសរុប៨៤នាក់។ ក្នុងនោះដែរ ពូលA+A មានកីឡាករ ៣២នាក់ និងចែកជា ១៦ក្រុម ក្នុងមួយក្រុម ២នាក់ ហើយប្រកួតជម្រុះយក លេខ១ ,លេខ២ និងលេខ៣។ ចំពោះពូល B+B មានកីឡាករ ៥២នាក់ ចែកជា ៣២ក្រុម ហើយប្រកួតជម្រុះយកលេខ១, លេខ២ និងលេខ៣។ ឆ្លងតាមការប្រកួតរយៈពេលពេញមួយថ្ងៃ បានរកឃើញក្រុមកីឡាករឆ្នើម ទាំងពូលA និងពូល B ចំណាត់ថ្នាក់លេខ១ ,លេខ២ និងលេខ៣។

លោក សុខ ថុល បានបន្តថា ការប្រកួតកីឡាវាយសីនាពេលនេះ គឺជាឱកាសសម្រាប់កីឡាករ កីឡាការិនី បង្ហាញពីសមត្ថភាពបច្ចេកទេស និងជាការបង្កើន ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការលើគ្រប់ផ្នែក។ លោកបន្តថា កីឡាវាយសី ក៏ដូចជាកីឡាប្រភេទផ្សេងៗទៀត បានផ្តល់អត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់សម្រាប់ជួយឱ្យសុខភាពកាយសម្បទារឹងមាំ ជួយក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡាផ្សេងៗទៀត ស្របជាមួយនូវការដាក់ចេញនូវយុទ្ធនាការចលនាជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាពាក្យស្លោករបស់ក្រសួងអប់រំគឺ « ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត» ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តបានល្អប្រសើរ ព្រមទាំងបានស្គាល់អំពីគុណតម្លៃនៃការលេងកីឡា ជាពិសេស បង្កើនទំនាក់ទំនងជិតស្និទ្ឋប្រកបដោយមិត្តភាព ភាតរភាព ពុំមានការរើសអើងផងដែរ។ 

លោកបន្តទៀតថា ការលេងកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ និង បង្កើននូវការទំនាក់ទំនងល្អ ពីតំបន់មួយទៅតំបន់មួយ ដែលជាស្ពានមេត្រីភាព ក្នុងការចងសម្ព័ន្ធភាពជាតិ និង អន្តរជាតិទៀតផងដែរ។

លោកបញ្ជាក់ថា ការកីឡាធ្វើឲ្យសារពាង្គកាយមនុស្សយើងគ្រប់គ្នារឹងមាំ មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ។ លោកក៏បានធ្វើការផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវបង្កើននូវការហ្វឹកហ្វាត់បន្តទៀត ដើមី្បបង្កើនសមត្ថភាព បច្ចេកទេសរបស់ខ្លួន ដើមី្បត្រៀមលក្ខណៈក្នុងការប្រកួត នៅពេលក្រោយៗទៀតផងដែរ៕