(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «កីឡាឌីជីថល ជាអនាគតយុវជន» ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានរកឃើញជើងឯកហើយ គឺបានទៅលើសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ដោយទទួលបាន «ពានឧត្តមភាពមេដាយ» ចំនួន ៦១គ្រឿង រួមមាន៖ មាស ២៨គ្រឿង, ប្រាក់ ១៨គ្រឿង និងសំរឹទ្ធិ ១៥គ្រឿង។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានេះ បានឱ្យដឹងថា ការប្រកួតកីឡាឆ្នាំនេះមាន ១៣ប្រភេទកីឡាគឺ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីប៉ាក់តាក្រ និងគុនដាវ ដែលមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុប៤៧ គណៈកម្មការ និងអនុគណៈកម្មការគ្រប់ផ្នែកចំនួន១៧៥នាក់ អនុគណៈកម្មការបច្ចេកទេសទាំង១៣សហព័ន្ធសរុបចំនួន ៣៥៤នាក់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១,៧៦៤នាក់។

លោក ហួត សេងទ្រី បានឱ្យដឹងទៀតថា ការប្រកួតនេះបានធ្វេីឡេីងលើ ១០៣វិញ្ញាសារនៅលើទីលាន ១០ទីតាំង កន្លែងស្នាក់នៅចំនួន ១០០០បន្ទប់ ហូបចុកមាន ២កន្លែងនៅភោជនីយដ្ឋាននៃសណ្ឋាគារឡាក់គីស្ដារ និងនៅសណ្ឋាគារហេង ឡុងវ័ន មធ្យោបាយដឹកជញ្ជូន ប្រើប្រាស់រថយន្ដទេសចរណ៍ ២៥កៅអី និង៤៥កៅអី សរុប ២០គ្រឿងក្នុងមួយថ្ងៃ និងមានវិធានការសុខាភិបាល និងសន្ដិសុខប្រចាំការនៅគ្រប់កន្លែងប្រកួត និងកន្លែងស្នាក់នៅ។

នាឱកាសនោះដែរបេីតាមលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ និងជាប្រធានប្រតិភូកីឡានៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកបានដឹកនាំក្រុមនិស្សិតចូលរួមប្រកួតពានរង្វាន់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ គឺដើម្បីឱ្យស្របជាមួយគោលការណ៍របស់រដ្ឋាភិបាលដាក់ចេញឱ្យប្រទេសជាតិរបស់យើង មនុស្សទាំងអស់ក្លាយជាមនុស្សឌីជីថល(Digital)។

ក្នុងនោះសាកលវិទ្យាល័យបានដាក់ពាក្យសុំចូលរួមប្រកួតពានរង្វាន់និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ មាន ៧ប្រភេទកីឡាមាន បាល់បោះ (បុរស-នារី), អត្តពលកម្ម (បុរស-នារី), ប៊ូល-ប៉េតង់ (បុរស-នារី), តេក្វាន់ដូWT(បុរស-នារី), តេក្វាន់ដូ ITF (បុរស-នារី), សីដក់ (បុរស-នារី) និង ហែលទឹក (បុរស-នារី) ដែលមានសមាជិកប្រតិភូ ១០០នាក់។

លោកសាកលវិទ្យាធិការ ក៏បានអបអរសាទរទៅដល់ជ័យលាភីរបស់កីឡាករ កីឡាការិនី អាស៊ី អឺរ៉ុប ទាំងអស់ដែលទទួលបាននូវចំណាត់ថ្នាក់ដ៏ត្រចះត្រចង់នេះ ពិតជាការឆ្លុះបញ្ចាំងទៅដល់ការខិតខំប្រឹងប្រែងពីសំណាក់លោកគ្រូ អ្នកគ្រូជាគ្រូបង្វឹក ពិសេសកីឡាករ កីឡការិនី បានយកចិត្តទុកដាក់លើការហ្វឹកហាត់ មានការរីកចម្រើនច្រើនទៅលើគុណផលកីឡាគួរជាទីគាប់ប្រសើរ។

លោកក៏បានផ្ដាំផ្ញេីដល់កីឡាករ កីឡាការិនី ដែលទទួលបានទទួលចំណាត់ថ្នាក់នាពេលនេះ សូមកុំបោះបង់ចោលការហ្វឹកហាត់ ត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗ រួមនឹងកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកសាកលវិទ្យាធិការយល់ឃើញការរៀបចំទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេស គណៈកម្មការរៀបចំការប្រកួត មានភាពល្អប្រសើរ បានរៀបចំសណ្ឋាគារស្នាក់នៅ ហូបចុកសមរម្យ សេវាដឹកជញ្ជូនក្រុមបានទាន់ពេលវេលា មានមន្រ្តីពេទ្យប្រចាំការ២៤ម៉ោង រួមទាំងកងកម្លាំងការពារសន្តិសុខគ្រប់ទីលានប្រកួត នេះជាការផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រតិភូកីឡា និងកីឡាករ កីឡាការិនីផងដែរ៕