(ឡុងដ៍)៖ Southampton បានចួលរួមជាមួយក្រុម Leicester City និង Ipswich Town ក្នុងការឡើងទៅលេងក្នុងក្របខណ្ឌលីគកំពូល Premier League របស់អង់គ្លេសវិញនារដូវកាលក្រោយ បន្ទាប់ពីយកឈ្នះគូប្រជែង Leeds United ១-០។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករ Will Smallbone បានបោះបាល់ឱ្យ Adam Armstrong បញ្ចប់ទីបានសម្រេចនៅនាទី២៤ ដែលគ្រាប់បាល់ចូលទីតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតពេញម៉ោង ៩០នាទីក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley នៃវគ្គជម្រុះផ្តាច់ព្រ័ត្រក្របខណ្ឌ Championship 2023-2024 នារាត្រីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ដ្បិត Leicester និង Ipswich បញ្ចប់ក្នុងតំណែងលេខ១ និងលេខ២ ទទួលបានកៅអីដោយស្វ័យប្រវត្តិ។

នេះក៏ជាគ្រាប់បាល់ទី២៤ នារដូវកាលនេះជាមួយ Southampton របស់ Armstrong ផងដែរ និងបានបញ្ជូនក្រុមឡើងមកលេងនៅ Premier League វិញផងដែរនារដូវកាលឆ្នាំ២០២៤-២០២៥ ក្រោយពេលពួកគេត្រូវបានកាត់ចេញពីលីគកាលពីរដូវកាលមុនដូច Leicester ដែរ។

គួរបញ្ជាក់ផងថា Southampton, Leicester City និង Ipswich Town នឹងឡើងទៅជំនួសកៅអី ៣ក្រុមនៅ Premier League ដែលត្រូវបានកាត់ចេញនារដូវកាលនេះរួមមាន Burnley, Luton Town និង Sheffield United ដែលត្រូវធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ Championship វិញនារដូវកាលឆ្នាំ២០២៤-២០២៥៕