(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន ទទួលបានរហូតដល់ ៦.៥ ពាន់លានយន់ (៨៩៧.៦ លានដុល្លារ) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤នេះ។ កំណើនវិជ្ជមានរបស់ Xiaomi ពេលនេះ គឺបានមកពីការលក់ផលិតផលធំៗមួយចំនួនក្រៅពីរថយន្តអគ្គិសនីដែលទើបបញ្ចេញនាពេលថ្មីៗនេះ នោះគឺ គ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ និងការផលិតនូវឧបករណ៍ឆ្លាតវៃជាមួយនឹងស្មាតហ្វូន និង hardware តាមរយៈអាជីវកម្ម Internet of Things platform។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។

ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Xiaomi Group បានកើនឡើង ២៧% ខណៈ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន គឺមានការកើនឡើង១០០.៨% ស្មើរនឹងទឹកប្រាក់៦.៥ ពាន់លានយន់ (៨៩៧.៦ លានដុល្លារ)។ របាយការណ៍ក៏បានបង្ហាញផងដែរថា Xiaomi ទទួលបានប្រាក់ចំណេញប្រហែល ២.៣ ពាន់លានយន់ (៣១៧.៦លានដុល្លារ) លើការអភិវឌ្ឍន៍រថយន្តអគ្គិសនីឆ្លាតវៃ។

គួរជម្រាបថា ក្រៅពីទទួលបានលទ្ធផលវិជ្ជមានជាមួយកំណើនយ៉ាងឆាប់រហ័សនូវរាល់គ្រប់ផលិតផលរបស់ខ្លួនហើយ ក្រុមហ៊ុន Xiaomi ក៏បានមើលឃើញទៅលើកំណើននៃអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ដែលពេលនេះ ក្រុមហ៊ុននេះ មានការបង្កើនទៅលើការផលិតរថយន្តដល់ទៅ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំងថែមទៀតផង ក្រោយទទួលបានការបញ្ជារទិញច្រើនជាងការរំពឹងទុក៕