(ភ្នំពេញ)៖ ស្ដេចប្រដាល់ពិភពលោក លោក Manny Pacquiao បានធ្វើដំណើរដល់សង្វៀនហនុមានគុនខ្មែរ នៅទីក្រុងកោះពេជ្រហើយ ក្នុងនាមភ្ញៀវកិត្តិយស ដើម្បីទស្សនាផ្ទាល់ នៃការប្រកួតប្រដាល់គុនខ្មែរ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ៣គូ ក៏ដូចជាការប្រកួតដណ្ដើមខ្សែក្រវាត់ KKF រវាងជើងខ្លាំងគុនខ្មែរ ៤រូប នាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។

វត្តមានរបស់ស្ដេចប្រដាល់ហ្វីលីពីនខាងលើ បានទទួលការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រគុនខ្មែរ ដែលបានចូលរួមយ៉ាងច្រើនកុះករ នៅទីក្រុងកោះពេជ្រ ដែលកំពុងរង់ចាំទស្សនាព្រឹត្តិការណ៍គុនខ្មែរដ៏កក្រើកនារាត្រីថ្ងៃសុក្រនេះ ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។

គួរដឹងថា សង្វៀនហនុមានគុនខ្មែរ នាត្រីនេះ មានការប្រកួតដ៏អស្ចារ្យ ៦គូ ក្នុងនោះគូទី១ គឺជាការប្រកួតមិត្តភាពអន្ដរជាតិ រវាងកិឡាករ យ៉េន ឌីណា ជាមួយកីឡាករម៉ាឡេស៊ី Kumar Red Wolves ។ រីឯគូទី២ និងគូទី៣ គឺជាជំនួបវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ KKF ទម្ងន់ ៦៥គីឡូក្រាម ដោយកីឡាករ ឡុង សំណាង ត្រូវជួប ផាន់ គ្រាន់ និង អេ អាំម៉ារីនភូថង ជួប សូត្រ វាសនា ហើយអ្នកឈ្នះ នឹងត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងនាមបេក្ខភាពគូទី៦ ដើម្បីដណ្ដើមខ្សែក្រវាត់តែម្ដង ។

ចំណែក ២គូទៀត គឺជាជំនួបមិត្តភាពអន្ដរជាតិ រវាងអ្នកលេងគុនខ្មែរ ភក្ដី គុនខ្មែរ ជាមួយកីឡាករថៃ Pornsawan JR MuayThai និងកីឡាករ ពេជ្រ សម្បត្តិ ជាមួយកីឡាករបារាំង Fabio Loisi ។ ការប្រកួតនឹងចាប់ផ្ដើមពីវេលាម៉ោង ៨៖៣០នាទីយប់តទៅ ដោយអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ។

សូមរំឮកថា Manny Pacquiao បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីម្សិលមិញ ហើយក៏ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ មិនតែប៉ុណ្ណោះ នៅរាត្រីថ្ងៃដដែលនោះ ស្ដេចប្រដាល់ពិភពលោកវ័យ ៤៥ឆ្នាំរូបនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនបង្កើតដោយកូនខ្មែរ គឺក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយសេចក្ដីសោមនស្សរីករាយបំផុតទៀតផង ។

នាឱកាសនៃជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក Manny Pacquiao បានជម្រាបជូនសម្ដេចធិបតីថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ដោយលោកនឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ ៕