(ញ៉ូដេលី)៖ សហព័ន្ធកីឡាប្រដាល់ឥណ្ឌា (BFI) បានចូលរួមជាមួយសហព័ន្ធកីឡាប្រដាល់ពិភពលោក។ នេះបើតាមសហព័ន្ធទាំងពីរបានឱ្យដឹងប៉ុន្មានថ្ងៃ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានគូសបញ្ជាក់ពីតម្រូវការកីឡា សម្រាប់សហព័ន្ធអន្តរជាតិ ត្រូវតែ «គួរឱ្យទុកចិត្ត និងគ្រប់គ្រងបានល្អ»។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅសប្តាហ៍នេះ IOC បានព្រមានបណ្តាសហព័ន្ធជាតិ ដែលស្របតាមសមាគមកីឡាប្រដាល់អន្តរជាតិ (IBA) ថា ពួកគេនឹងមិនអាចចូលបាននោះទេ ក្នុងព្រឹត្តិការណ៍ Los Angeles Olympics ប្រសិនបើកីឡាប្រដាល់មិនស្ថិតក្នុងកម្មវិធី។

IOC បានដក IBA ចេញពីការទទួលស្គាល់របស់ខ្លួនកាលពីខែមិថុនា ឆ្នាំមុន ដោយបានលើកឡើងថា IBA បានបរាជ័យ ក្នុងការធ្វើកំណែទម្រង់ លើបញ្ហាអភិបាលកិច្ច ហិរញ្ញវត្ថុ និងសីលធម៌។

IOC បានទទួលស្គាល់ ការប្រកួតកីឡាប្រដាល់ នៅឯព្រឹត្តិការណ៍ Paris Games ប៉ុន្តែមានការព្រួយបារម្ភថា កីឡាប្រដាល់ អាចនឹងត្រូវបានដកចេញពីព្រឹត្តិការណ៍ Olympics នៅថ្ងៃអនាគត ខណៈកីឡាប្រដាល់ មិនស្ថិតក្នុងកម្មវិធីបឋម សម្រាប់ព្រឹត្តិការណ៍ Los Angeles Olympics ក្នុងឆ្នាំ២០២៨ នោះទេ។

គួរជម្រាបថា សហព័ន្ធកីឡាប្រដាល់ចក្រភពអង់គ្លេស និងអាម៉េរិក ស្ថិតក្នុងចំណោមសមាជិកដទៃទៀត នៃសហព័ន្ធកីឡាប្រដាល់ពិភពលោក៕