(ភ្នំពេញ)៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញ សម្រាប់ភាពច្នៃប្រឌិត និងផ្តោតសំខាន់លើគុណភាព ពិតជាមានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការជាមួយកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។

ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិ ដែលទើបតែត្រូវបានតែងតាំងថ្មីរបស់ក្រុមហ៊ុន នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដូចការគ្រោងទុក ស្ដេចប្រដាល់ពិភពលោក លោក Manny Pacquiao បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេស នៅក្នុងកម្មវិធីប្រដាល់ “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងក្បាច់គុនបុរាណរបស់ខ្លួននៅកាន់ពិភពលោក។

វត្តមានលោក Manny Pacquiao ក្នុងកម្មវិធី “សង្វៀនហនុមានគុនខ្មែរ” ខាងលើ គឺជាមហាព្រឹត្តិការណ៍ក្នុងកំណត់ត្រាថ្មី ដែលបញ្ជាក់ពីគុណតម្លៃនៃកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណរបស់កម្ពុជា ដើម្បីឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិកាន់តែទួលំទូលាយបន្ថែមទៀត។ តាមរយៈការចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះ ស្ដេចប្រដាល់ហ្វីលីពីនរូបនេះ មិនត្រឹមតែបានបំផុសទឹកចិត្តអត្តពលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចាប់អារម្មណ៍ជាសាកលទៅលើកីឡាប្រដាល់គុនខ្មែរ ដោយបង្ហាញពីវិន័យ និងជំនាញរបស់កីឡាករប្រដាល់កម្ពុជាផងដែរ។

ជាក់ស្ដែងមុនការប្រកួតចាប់ផ្ដើមជាផ្លូវការ Manny Pacquiao បានថ្លែងសុន្ទរកលើកទឹកចិត្ត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទាំងអត្តពលិក និងអ្នកចូលរួមទស្សនា។ លោកលើកឡើងថា «វាជាកិត្តិយសណាស់ ដែលខ្ញុំបានមកទីនេះនៅថ្ងៃនេះ ហើយបានឃើញនូវទេពកោសល្យ និងការលះបង់ដ៏មិនគួរឲ្យជឿរបស់កីឡាករប្រដាល់គុនខ្មែរ។ ក្នុងនាមខ្ញុំជាមនុស្សម្នាក់ ដែលបានចំណាយស្ទើរតែមួយជីវិតនៅលើសង្វៀនប្រដាល់ ខ្ញុំយល់ពីការខិតខំប្រឹងប្រែង និងឆន្ទៈដែលជំរុញយើងម្នាក់ៗឱ្យខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យ និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ»

បន្ថែមលើនេះ លោកក៏បានថ្លែងអំណរគុណចំពោះក្ដីស្រលាញ់ និងការគាំទ្ររបស់ប្រជាជនកម្ពុជាទាំងអស់នាពេលកន្លងមក ។ លោកបន្ដថា «កីឡាប្រដាល់គុនខ្មែរ គឺលើសពីកីឡាទៅទៀត។ វាជាសក្ខីភាពនៃកម្លាំង និងស្មារតី។ ដូច្នេះសូមបងប្អូនទាំងអស់គ្នានៅទីនេះ សូមកុំភ្លេចបន្តការតស៊ូរក្សាជំនឿដ៏មុតមាំហើយសំខាន់បំផុតនោះ គឺត្រូវបន្តក្រោកឈរឡើងដើម្បីភាពអស្ចារ្យនៅលើឆាកអន្តរជាតិ»

តំណាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានប្តេជ្ញាបង្កើតឱកាសសម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីទទួលបានការបង្ហាញ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈការចាប់ដៃគូជាមួយកំពូលកីឡាករអន្តរជាតិ ដូចជាលោក Manny Pacquiao ដែលក្រុមហ៊ុនមានគោលបំណងលើកកម្ពស់កីឡាប្រដាល់គុនខ្មែរឱ្យគេបានស្គាល់ និងឱ្យតម្លៃនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះមិនមែនគ្រាន់តែជាការលើកកម្ពស់ម៉ាកសញ្ញាក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយមរតកវប្បធម៌ទាំងមូល និងផ្តល់ឱ្យអត្តពលិកកម្ពុជានូវវេទិកាមួយ ដើម្បីបញ្ចេញសមត្ថភាពនៅទូទាំងពិភពលោកទៀតផង។

លោក ផន មុតសុក្រឆពណ្ណ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានសម្ដែងនូវការសាទរចំពោះកិច្ចសហការនេះ ហើយលោកបានបញ្ជាក់ «សូមនាំមកជូននូវ សង្វៀនហនុមានគុនខ្មែរ ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកប្រដាល់គុនខ្មែរ ដែលទើបនឹងបង្កើតថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលនាំមកជូនដោយក្រុមហ៊ុន ហនុមាន ។ បន្ថែមពីលើការអបអរសាទរនៃភាពល្បីល្បាញទៅកាន់ទូទាំងពិភពលោក ជាមួយនឹងវត្តមានរបស់ទូតសុច្ឆន្ទៈអន្តរជាតិ ដែលជាជើងឯកប្រដាល់លំដាប់ពិភពលោក លោក Manny Pacquiao...។ ទាំងអស់នេះជាការសរបញ្ជាក់នូវគុណតម្លៃនៃព្រឹត្តិការណ៍នេះ និងគោលដៅលើកកម្ពស់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ»

ទន្ទឹមជាមួយមោទនភាពដ៏អស្ចារ្យ ក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នេះ ដើម្បីជំរុញកីឡាករប្រដាល់គុនខ្មែរឱ្យដើរតាមក្តីស្រមៃរបស់ពួកគេ និងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ភាពជាដៃគូរវាង ក្រុមហ៊ុន ហនុមាន និងលោក Manny Pacquiao គឺជាជំហានដ៏សំខាន់មួយ ឈានឆ្ពោះទៅកាន់ការធ្វើសកលភាវូបនីយកម្មកីឡាប្រដាល់គុនខ្មែរ។ តាមរយៈការចូលរួមក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងការទទួលយកបទពិសោធន៍ម៉ាកសញ្ញាដ៏សម្បូរបែប។

តាមរយៈកិច្ចសហការនេះដែរ តំណាងក្រុមហ៊ុន រំពឹងនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ទាំងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងកីឡាប្រដាល់គុនខ្មែរ ឈានទៅរកភាពជោគជ័យថ្មីៗបន្ថែមទៀត៕