(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Stellantis លោក Carlos Tavares បានប្រកាសថា រថយន្តអគ្គិសនី Jeep EV តម្លៃ ២៥,០០០ដុល្លារ នឹងមកដល់ទីផ្សារសហរដ្ឋអាមេរិកក្នុងពេល «ឆាប់ៗនេះ» ជាមួយនឹងតម្លៃទាបជាង បើធៀបនឹងរថយន្តអគ្គិសនីដូចគ្នាដែលផ្តល់ជូននៅក្នុងទីផ្សារអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។

លោក Tavares បាននិយាយនៅក្នុងសន្និសីទវិនិយោគិន Bernstein ថា ក្រុមហ៊ុននឹងបញ្ចេញរថយន្តអគ្គសិនីតម្លៃទាបប្រហែល ២៥,០០០ដុល្លារនៅសហរដ្ឋអាមេរិក ដើម្បីត្រាប់តាមតម្លៃរបស់រថយន្ត SUV ម៉ូដែល Citroen e-C3 ដែលផ្តល់ជូនក្នុងតម្លៃប្រហែល ២៥,២០០ដុល្លារនៅអឺរ៉ុប។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងប្រើប្រាស់ជំនាញវិស្វកម្មសកលរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរ្យ ខណៈដែលរថយន្តអគ្គិសនីដូចគ្នានេះរបស់ Jeep ម៉ូដែល Avenger ដែលដាក់លក់នៅអឺរ៉ុបនាពេលបច្ចុប្បន្ន មានតម្លៃប្រហែល ៣៧,៩០០ដុល្លារឯណោះ។

យ៉ាងណាមិញ មុនពេលរថយន្ត Jeep EV តម្លៃ ២៥,០០០ដុល្លារត្រូវបានចេញផ្សាយ ប្រភពបានឱ្យដឹងថា ក្រុមហ៊ុននឹងបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនម៉ូដែល Wangoneer S SUV ជាមុន ដែលត្រូវបានគេរំពឹងថា នឹងមកដល់នៅចុងឆ្នាំនេះ។

គួរជម្រាបថា ជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីរថយន្ត Jeep EV នេះមិនត្រូវបានក្រុមហ៊ុនបង្ហាញនោះទេ។ ប៉ុន្តែបើតាមការលើកឡើងពី CEO លោក Carlos Tavares ការផ្តល់ជូនរថយន្តអគ្គិសនីក្នុងតម្លៃទាបនេះ គឺមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់កាន់តែច្រើន ឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនីដែលមានតម្លៃទាប ចំពេលកំណើនអ្នកប្រើប្រាស់ហាក់កើនឡើងយឺត៕