(ដាណាង)៖ បន្ទាប់ពីដំណើរការប្រកួតបាន ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយ ៥គ្រឿងហើយ នៅក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ (13th ASEAN Schools Games) ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។ យោងតាមមន្ដ្រីកដឹកនាំអត្តពលិកកីឡាសិស្សកម្ពុជា មេដាយ ៥គ្រឿងខាងលើ ដណ្ដើមបានដោយក្រុមកីឡាវ៉ូវីណាម ក្នុងនោះយកបានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤គ្រឿង ។

ចំពោះអត្តពលិកដណ្ដើមបានមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់នេះ រួមមាន៖ មេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី លឹម សម្ឆស្ស លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥០គីឡូក្រាម។ រីឯមេដាយសំរឹទ្ធ ទាំង ៤គ្រឿង រកបានដោយកីឡាករ សាយ វិរៈបុត្រ និងកីឡាករ តេលា វិមានរតនះ លើវិញ្ញសាមេគុនដាវក្រុមបុរស ២នាក់ ហើយកីឡាការិនី សុខ ម៉នបូរនិច ធ្វើបានលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម រួមជាមួយកីឡាករ អ៊ូន សុអាន និង សួន ច័ន្ទចំរើន ធ្វើបានលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សអាស៊ាន ឬ 13th ASEAN Schools Games ឆ្នាំ២០២៤ កម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុបចំនួន ៤០នាក់ចូលរួមប្រកួត លើ ៤ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, ហែលទឹក, វ៉ូវីណាម និងកីឡាវាយសី ក្រោមការដឹកនាំរបស់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ ។ ចំពោះការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ៕