(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានឈានដល់កំណត់ត្រាខ្ពស់មួយ នៅថ្ងៃពុធសប្តាហ៍នេះ ក្រោយទម្លាក់ Apple និងដណ្តើមយកតំណែងលេខ២ ក្នុងនាមជាក្រុមផលិតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត AI មានតម្លៃបំផុតទីពីររបស់ពិភពលោក ជាមួយតម្លៃលើទីផ្សារ ៣ពាន់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ភាគហ៊ុនរបស់ Nvidia បានកើនឡើង ៥.២% ជាមួយនឹងតម្លៃ ១,២២២.៤០ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃលើទីផ្សារសរុបចំនួន ៣.០១២ពាន់ពាន់លានដុល្លារ ខណៈតម្លៃរបស់ក្រុមហ៊ុនApple មានចំនួន ៣.០០៣ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ០.៨% ។ ប្រការនេះ ធ្វើឲ្យ Nvidia ឈរនៅលេខរៀងទី២ និង Apple ធ្លាក់មកនៅលេខរៀងទី៣ ខណៈក្រុមហ៊ុនដែលឈរនៅលេខរៀងកំពូលទី១ គឺ Microsoft ជាមួយតម្លៃលើទីផ្សារ ៣.១៥ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ១.៩%។

ជុំវិញលទ្ធផលនេះ លោក Jake Dollarhide នាយកប្រតិបត្តិនៃក្រុមហ៊ុន Longbow Asset Management បាននិយាយថា «Nvidia កំពុងរកលុយពីបច្ចេកវិទ្យា AI ឥឡូវនេះ ហើយក្រុមហ៊ុនដូចជា Apple និង Meta កំពុងចំណាយលុយលើ AI»។ ប្រការនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនដែលបង្កើតបន្ទះឈីបសម្រាប់ AI បន្តមានទីផ្សារកាន់តែខ្លាំងឡើង ក្នុងយុគសម័យបច្ចេកវិទ្យានេះ។

គួរជម្រាបថា ភាគហ៊ុនរបស់ Nvidia បានកើនឡើងរហូតដល់ ១៤៧% រហូតមកដល់ឆ្នាំ២០២៤នេះ ជាមួយនឹងតម្រូវការ processors កំពូលរបស់ខ្លួនកើនឡើង ដែលផ្គត់ផ្គង់ទៅក្រុមហ៊ុនយក្សនានាដូចជា Microsoft, Meta និង Alphabet បុត្រសម្ព័ន្ធរបស់ Goolge ជាដើម ដើម្បីបង្កើតសមត្ថភាពកុំព្យូទ័រ AI របស់ពួកគេ និងគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះ៕