(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិម៉ុងហ្គោលី ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះគឺជាជ័យជម្នះលើកដំបូង ក្នុងឆ្នាំ២០២៤ ហើយក៏ជាការបញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យថាឈ្នះ ក្នុងរយៈពេល ២៧១ថ្ងៃចុងក្រោយនេះដែរ។

ជំនួបមិត្តភាពអន្ដរជាតិ ក្រោមដំណក់ភ្លៀងស្ទើរពេញ ៩០នាទី រាត្រីថ្ងៃសុក្រនេះ វគ្គទី១ ក្រុមគោព្រៃកម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់មុន ដោយខ្សែប្រយុទ្ធសញ្ជាតិខ្មែរ Yudia Ogawa នៅនាទី២២ និងកីឡាករ សារ ទី នៅនាទី៣០។ បន្ទាប់មកក្រុមទាំងពីរ ក៏បានបង្កើតឱកាសរៀងៗខ្លួន ពិសេសនៅចុងម៉ោង ដែលកម្ពុជា មានឱកាសទាត់បាល់ពិន័យ ១ម៉ែត្រ តែសោកស្ដាយ កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor ធ្វើមិនបានសម្រេច ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង។

គួរដឹងថា ក្រោមការដឹកនាំលើកទី២ របស់គ្រូបង្វឹកលោក Felix G.Dalmas ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) ធ្លាប់ទទួលបានជ័យជម្នះម្ដងប៉ុណ្ណោះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយយកឈ្នះក្រុមម៉ាកាវ ក្នុងលទ្ធផល ៤-០ នៃជំនួបមិត្តភាពអន្ដរជាតិដូចគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់មកការប្រកួតរបស់ក្រុមគោព្រៃកម្ពុជា បានត្រឹមស្មើ ឬចាញ់ប៉ុណ្ណោះ រហូតដល់ថ្ងៃនេះ ទើបកម្ពុជាស្គាល់ជ័យជម្នះជាថ្មី មុនចេញដំណើរទៅម៉ុងហ្គោលី នារាត្រីថ្ងៃសុក្រនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជើងទី២ រវាងក្រុមទាំងពីរ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ៕