(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំទិវាគ្រួសារជាលើកទី៥របស់ខ្លួន នៅសាខាភ្នំពេញថ្មី ដើម្បីបង្កើតភាពស្និតស្នាលរវាងសិស្សនិងឪពុកម្ដាយ ជាពិសេសសម្រាប់ផ្តល់ឲ្យសិស្សានុសិស្សបានបង្ហាញ នូវការដឹងគុណចំពោះមាតា បិតារបស់ពួកគេ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា ចំណាយពេលវេលា និងចំណាយថវិកាសម្រាប់ការសិក្សា និងបានគិតអំពីអនាគតរបស់ពួកគេ និងក្នុងគោលបំណងចែករំលែកនូវសកម្មភាពមនុស្សធម៌របស់មូលនិធិសាលាជួយកសាងសាលានៅខេត្តកំពង់ធំមួយខ្នង៥បន្ទប់ផងដែរ ដែលនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤នេះ។

ទិវាគ្រួសារនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១ និង២ ខែមិថុនា ក្រោមវត្តមានសិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាលសិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេតជាច្រើនចូលរួមមកពីគ្រប់សាខា។

ថ្លែងបើកទិវាគ្រួសារនេះនាយិការងសាលាអាមេរិកាំងហ្គោលឌិនហ្គេតលោកស្រី ប៊ួយ ប៊ុនថាន បានថ្លែងថាការរៀបចំកម្មវិធីនេះឡើងមានគោលបំណងបណ្ដុះគំនិតនិងស្មារតីរបស់សិស្សានុសិស្សឱ្យបានយល់ដឹងពីគុណតម្លៃនៃការគោរពដឹងគុណឪពុកម្ដាយ ជីដូនជីតា ដើម្បីជាការអភិរក្សប្រពៃណីវប្បធម៌ខ្មែរឱ្យគង់វង្សយូរអង្វែង។

លោកស្រីនាយិការងនៃសាលា អាមេរិកាំហ្គោលឌិនហ្គេត បានបន្តថា ជាការពិតណាស់គ្រួសារ គឺជាកោសិការដ៍មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍន៍សង្គម ប្រទេសជាតិមួយអាចបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពបានលុះត្រាតែមានការចូលរួមជាចាំបាច់ពីគ្រួសារ។ ដោយមើលឃើញពីតម្លៃនៃគ្រួសារចំពោះសង្គមជាតិ និងគុណូបការៈ របស់មាតាបិតាចំពោះបុត្រធីតានេះហើយទើបសាលាអាមេរិកាំងហ្គោលឌិនហ្គេតយើងខ្ញុំ បានរៀបចំកម្មវិធី ទិវាគ្រួសារនាឱកាសនេះ។

ទន្ទឹមគ្នានេះដែរ ឧកញ៉ា ហេង សុគន្ធា បានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំនូវកម្មវិធីនេះបានជះឥទ្ធិពលជាវិជ្ជមានដល់សិក្សានុសិស្សដោយពួកគេ កាន់តែគោរពស្រលាញ់ឪពុកម្តាយ និងខិតខំរៀនសូត្របន្ថែម ដើម្បីជាការសងគុណទៅកាន់ឪពុកម្តាយរបស់ពួកគេ។

លោកស្រីបន្ថែមថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត ក្រៅពីផ្តោតជាចំបងទៅលើគុណភាពសិក្សារបស់សិស្ស សាលាក៏យកចិត្តទុកដាក់ទៅសីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូររបស់សិក្សាផងដែរ ហេតុដូច្នេះហើយបានជាសិស្សរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត តែងតែមានភាពជឿជាក់លើខ្លួនឯង និងចែករំលែកទៅកាន់សង្គម។

កញ្ញា ខេតលីន ហ៊លី (Caitlin Hurly) ប្រធានគ្រូបរទេស កម្មវិធីសិក្សាភាសាអង់គ្លេសនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានលើកឡើងថា កម្មវិធីទិវាគ្រួសារ ដែលរៀបចំដោយសាលាអាមេរិកាំងហ្គោលឌិនហ្តេត គឺជាឳកាសដ៏ល្អមួយសម្រាប់ផ្តល់ឲ្យសិស្សានុសិស្សបានបង្ហាញនូវការដឹងគុណចំពោះមាតា បិតារបស់ពូកគេ ដែលខិតខំប្រឹងប្រែង ចំណាយពេលវេលា និងថវិកាសម្រាប់ឱ្យពួកគេមករៀននៅសាលា និងបានគិតអំពីអនាគតរបស់ពូកគាត់ផងដែរ។

លោកម៉ៅ មីន ដែលមានកូន៣នាក់កំពុងសិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្តេត បានជំរុញឱ្យសាលាបន្តរៀបចំកម្មវិធីទិវាគ្រួសារនេះទៀត ព្រោះកម្មវិធីនេះ ពិតជាសំខាន់ធ្វើឱ្យកូនទទួលបានការផ្សាភ្ជាប់ក្តីស្រលាញ់ និងទំនាក់ទំនងល្អក្នុងគ្រួសារ និងជួយដាស់តឿនដល់ស្មារតីកូនៗ ឱ្យគោរព និងស្រលាញ់ដល់អ្នកដែលបានផ្តល់កំណើត។

កម្មវិធីទិវាគ្រួសារដែលបានរៀបចំឡើងក្នុងឱកាសនេះ មិនត្រឹមតែបណ្តុះស្មារតី និងអប់រំប្អូនៗសិស្សានុសិស្ស ឱ្យយល់ដឹងពីតម្លៃនៃគុណូបការៈ របស់មាតាបិតាប៉ុណ្ណោះទេ ក៏រៀបចំឡើងក្នុងគោលបំណងស្វែងរកថវិកាសម្រាប់មូលនិធីរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ដើម្បីយកទៅជួយកសាងអគារសិក្សានៅសាលាបឋមសិក្សាសាមគ្គីព្រះអាទិត្យ ដែលស្ថិតនៅក្នុងភូមិអរពកសាមគ្គី ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំផងដែរ។

លោកស្រី បួយ ប៊ុនថាន នាយិការងនៃសាលាអាមេរិកាំងហ្គោលឌិនហ្តេត បានឱ្យដឹងថា ថវិកាដែលទទួលបាននេះ មូលនិធីរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងយកទៅកសាងអគារមួយខ្នងមានបួនបន្ទប់ និងទីចាត់ការមួយបន្ទប់។ គិតមកទល់ពេលនេះមូលនិធិរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេតប្រមូលបានថវិកាសរុបចំនួនជាង៤៥លានរៀល និងជិត៦ពាន់ដុល្លារ ហើយសាលាគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុង ឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសាលាអន្តរជាតិដែលមានការទទួលស្គាល់គុណភាពអប់រំ ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេស មានការទទួលស្គាល់ និងសហការពីស្ថាប័នអប់រំសំខាន់ៗជាច្រើនដូចជា ស្ថាប័នអប់រំអន្តរជាតិ IB (The International Baccalaureate) ក្រុមប្រឹក្សាសាលាអន្តរជាតិ (The Council of International Schools – CIS) ស្ថាប័នអប់រំ College Board ដែលក្នុងនោះមានស្ថាប័នអប់រំសំខាន់ៗដូចជាស្ថាប័នអប់រំអន្តរជាតិ ACT ស្ថាប័នអប់រំអន្តរជាតិ AP និងស្ថាប័នអប់រំ SAT។

សាលាអាមេរិកាំងហ្គោលឌិនហ្គេតមានកម្មវិធីសិក្សាសំខាន់ៗដូចជា កម្មវិធីសិក្សា IB (PYP, MYP, DP) កម្មវិធីសិក្សាភាសាខ្មែរ កម្មវិធីសិក្សាអាមេរិកាំង និងកម្មវិធីសិក្សាភាសាចិន ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា។ ជាពិសេសសិស្សានុសិស្សដែលសិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតនឹងទទួលបានព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្របញ្ជាក់ការសិក្សាពីសាលារៀន Busche Academy នៅសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថែមទៀតផង។ សាលាអាមេរិកាំងហ្គោលឌិនហ្គេតលើកកម្ពស់សិស្សានុសិស្សចូលរួមការប្រលងប្រជែងនានា ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត ភាសាអង់គ្លេស កីឡា ថែមទាំងផ្តល់ឱកាសឱ្យសិស្សានុសិស្សចូលរួមសកម្មភាពសង្គមនានា និងមានទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេសជាច្រើនដើម្បីឲ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ និងអភិវឌ្ឍបំនិនជីវិតបន្ថែម៕