(ម៉ូនិច)៖ លោក Thomas Tuchel អតីតគ្រូបង្វឹកក្លិបខ្លារខិន Bayern Munich រដូវកាលមុននោះ មិនបានចាប់អារម្មណ៍ក្នុងការធ្វើការងារក្នុងក្លិបអង់គ្លេស Manchester United ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ថ្មីៗនេះដែរ អតីតគ្រូបង្វឹកក្លិបតោខៀវ Chelsea និង Bayern Munich ផងនោះ ធ្លាប់ត្រូវបានគេគិតថា ស្ថិតក្នុងការពិចារណាមកដឹកនាំក្លិបបិសាចក្រហម Man Utd ជំនួសលោក Erik ten Hag ក្នុងនាមអ្នកចាត់ការទូទៅម្នាក់ដែលធ្លាប់ឈ្នះពានសរុបដល់ទៅ៩ ពីការដឹកនាំចំនួន ៤ក្លិបរួចមក។

បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ ៥០ឆ្នាំរូបនេះបានជួបម្ចាស់ក្លិប Man Utd ផងដែរគឺលោក Sir Jim Ratcliffe រួចរាល់ដែរនៅប្រទេសបារាំង មុនពេលប្រកាសដកខ្លួនវិញ ដោយមិនចាប់អារម្មណ៍ធ្វើការងារនៅ Old Trafford ឡើយ ដោយចង់យកពេលវេលានេះសម្រាក ក្រោយពីលាឈប់ដឹកនាំ Bayern Munich នៅបញ្ចប់រដូវកាលឆ្នាំ២០២៣-២០២៤។

ក្រៅពីលោក Tuchel បិសាចក្រហមក៏បានធ្វើការទាក់ទងលោក Mauricio Pochettino អតីតគ្រូបង្វឹក Chelsea និង Spurs រួមទាំងលោក Thomas Frank និង Graham Potter ដែរ រួមទាំងលោក Gareth Southgate ដែលត្រៀមដឹកនាំអង់គ្លេសលេងពាន Euro 2024 នៅអាល្លឺម៉ង់ទៀតផង៕