(មេនឆេស្ទើ)៖ Manchester United បានដាក់តម្លៃលក់ចេញប្រមាណ ៤០លានផោន សម្រាប់កីឡាករខ្សែបម្រើស្លាប Jadon Sancho នារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចូលលេងសរុប ២១ប្រកួតក្នុងក្លិបអាល្លឺម៉ង់ Borussia Dortmund ក្រោយផ្ទេរជាលក្ខណៈខ្ចីជើងពីក្លិបអង់គ្លេស Man Utd នាអំឡុងខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមានការរកាំរកូសតិចតួចជាមួយលោក Erik ten Hag។

Man Utd បានកំពុងស្វែងរកជម្រើសក្នុងការលក់ Sancho វ័យ ២៤ឆ្នាំនេះចេញក្នុងតម្លៃ ៤០លានផោន មិនថាទោះស្ថិតក្រោមការបង្វឹករបស់គ្រូណានោះទេ គ្រាដែលក្រុមឃ្មុំលឿង Dortmund ចង់បន្តខ្ចីជើង Sancho ១រដូវកាលទៀត ជាជាងទិញដាច់ទៅវិញ។

នៅចាំបានថា Sancho បានផ្លាស់មកចូលរួមជាមួយ United ពី Dortmund ក្នុងតម្លៃ ៧៣លានផោនកាលខែកក្កដា ឆ្នាំ២០២១ ដោយនៅសល់កិច្ចសន្យាចាស់ ២ឆ្នាំទៀតជាមួយបិសាចក្រហម។ ក្រៅតែពី Dortmund ខ្សែបម្រើរូបនេះក៏ត្រូវបាន Juventus របស់អ៊ីតាលីចាប់អារម្មណ៍ចង់បានខ្លាំងណាស់ដែរទៅលើអតីតកីឡាករយុវជនចេញពីក្លិបមេឃខៀវ Manchester City រូបនេះ៕