(បរទេស)៖ រដ្ឋមន្តី្រវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីបានប្រកាសថា ក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់កម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok គ្រោងនឹងវិនិយោគប្រហែល ២.១៣ពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត្ត (AI) នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Tengku Zafrul Aziz បានលើកឡើងថា ការវិនិយោគនេះ មានគោលបំណងប្រែក្លាយម៉ាឡេស៊ីទៅជាមជ្ឈមណ្ឌល AI ក្នុងតំបន់ ហើយនឹងរួមបញ្ចូលផងដែរនូវការពង្រីកមជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Johor របស់ម៉ាឡេស៊ី ជាមួយនឹងការវិនិយោគបន្ថែមចំនួន ១.៥ពាន់លានរីងហ្គីត (ប្រហែលជាង ៣លានដុល្លារ)។

លោកបានសម្តែងការជឿជាក់តាមរយៈការបង្ហោះនៅលើ X ថា «ការវិនិយោគបន្ថែមដោយ ByteDance នឹងជួយប្រទេសម៉ាឡេស៊ីឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការរីកលូតលាស់សេដ្ឋកិច្ចឌីជីថលដល់ ២២.៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ ២០២៥ ខាងមុខនេះ»

គួរជម្រាបថា ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការវិនិយោគធំស្រដៀងគ្នានេះក្នុងប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្នុងនោះរួមមាន ក្រុមហ៊ុន Google បាននិយាយថា ខ្លួនកំពុងរៀបចំផែនការវិនិយោគប្រមាណ ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និង Google Cloud ក្នុងតំបន់នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងវិនិយោគប្រហែល ២.២ ពាន់លានដុល្លារ ដើម្បីពង្រីកសេវាកម្ម Cloud និង AI នៅទីនោះផងដែរ៕