(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា នឹងព្យាយាមរៀបចំក្រុមឲ្យកាន់តែល្អប្រសើរជាងមុន សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី នាវេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន MFF Football Centre។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើ បានអរគុណម្ចាស់ផ្ទះម៉ុងហ្គោលី ដែលបានទទួលស្វាគមន៍យ៉ាងល្អ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅភ្លាមៗ ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិ ជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលកម្ពុជា បានយកឈ្នះក្រុមភ្ញៀវម៉ុងហ្គោលី ២-០ កាលពីរាត្រីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ។ ដូច្នេះកម្ពូជា មានពេលសម្រាកតិច ដើម្បីរៀបចំក្រុមឡើងវិញត្រៀមការប្រកួតជើងទី២ ស្អែកនេះ។

លោក Felix G.Dalmas បានបញ្ជាក់ថា «កាលពីប្រកួតមុន ដោយសារមានភ្លៀងធ្លាក់នៅទីលាន ធ្វើឲ្យការប្រកួតមានការពិបាកបន្ដិច សម្រាប់ក្រុមទាំងពីរ តែប្រកួតស្អែកនេះ យើត្រូវព្យាយាមសម្របជាមួយអាកាសធាតុត្រជាក់វិញ។ យើងនឹងបន្ដរៀបចំក្រុមឲ្យបានល្អជាងមុន ព្រោះម៉ុងហ្គោលី ជាក្រុមមួយដ៏ល្អ គេបានបង្កការលំបាកកាលលេងនៅទឹកដីរបស់យើង ហើយយើងជឿជាក់ថា ការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតមួយដែលតានតឹង»